ខេត្តតាកែវ៖ នៅព្រឹកថ្ងៃពុធទី២១ ខែសីហា ឆ្នាំ២០២៤ ដោយអនុវត្តតាមគោលការណ៍ការណែនាំ ចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អំពីសុខទុក្ខកងកម្លាំងនគរបាលជាតិ ក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ។ បានដឹកនាំសហការី និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្តចុះ(ជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី) ។
បន្ទាប់មកលោក ឧត្តមសេនីយ៍ទោ ស្នងការ និងសហការី ព្រមទាំងក្រុមការងារបានទៅ សួរសុខទុក្ខលោកវរសេនីយ៍ទោ ឃុន សារឿន អធិការរង ដោយមាន(ជម្ងឺបូសថ្លើម) ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។
មានប្រសាសន៍ក្នុងឱកាសសួរសុខទុក្ខនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំយកនូវថវិកាចំនួន៥០០,០០០៛ (ហាសិបម៉ឺនរៀល) អង្ក០២បាវ មី០១កេស ទឹកត្រី០១យួ ទឹកស៊ីអ៊ីវ០១យួ និងទឹកសុទ្ធ០១កេស ដើម្បីរួមចំណែកកាត់បន្ថយ ការចំណាយចាយវាយផ្សេងៗ បានមួយចំនួន។
ជាចុងក្រោយជំនួសមុខឲ្យក្រុមគ្រួសារ លោក វរសេនីយ៍ទោ ឃុន សារឿន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកឧត្តមសេនីយ៍ទោ ស្នងការ និងក្រុមការងារ ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ៕