សៀមរាប៖ នៅថ្ងៃពុធទី២១ ខែសីហា ឆ្នាំ២០២៤ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចុះត្រួតពិនិត្យការបំពាក់ឧបករណ៍ សម្ភារបរិក្ខារប្រព័ន្ធបង្ការពន្លត់អគ្គិភ័យ និងធ្វើការបណ្តុះបណ្តាលពីវិធីបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះបឋម នៅកសិដ្ឋានខេជេសុី ដែលស្ថិតនៅភូមិភ្នំដី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានសិក្ខាកាមចូលរួមសរុប ២៥នាក់ ស្រី ១៥នាក់។
សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទីចំពោះដើមហេតុ ដែលអាចបង្កឲ្យកើតមានអគ្គិភ័យកើតឡើងដូចជា ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រាន ភ្លើងចង្កៀង រំសេវជាតិផ្ទុះ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមីដែលជាវត្ថុងាយឆេះ និងបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីនៅតាមលំនៅដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន ភោជនីយដ្ឋាន និងក្លឹបកំសាន្តជាដើម។ និងសូមចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់ កុំឲ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង។ ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង សូមទំនាក់ទំនងផ្តល់ព័ត៌មាន មកកាន់ទូរស័ព្ទលេខ ☎️ 078 773 774, 012 756 465, 070 344 766 ៕