រាជធានីភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានបន្តដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធការងារត្រៀមរៀបចំកិច្ចប្រជុំទ្វេភាគីលើកទី៤ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលភូមិន្ទថៃ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាយការិយាល័យនគរបាលអន្តរជាតិ នាយការិយាល័យកិច្ចការបរទេស នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងមន្ត្រីពាក់ព័ន្ធសរុប ១៨រូប៕