52 , 1
រាជធានីភំ្នពេញ ៖ នាព្រឹកថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរង និងជាប្រធានក្រុមការងារយេនឌ័រ អគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្ជ្រាបយេនឌ័រ ឆ្នាំ២០២៤ និងទិសដៅសម្រាប់អនុវត្ត ឆ្នាំ២០២៥ ។ កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រី ប្រធានក្រុមការងារយេនឌ័រ តាមបណ្តានាយកដ្ឋាន-អង្គភាព មន្ទីរ ការិយាល័យ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន ៦០នាក់ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ជាលទ្ធផលនៃកិច្ចប្រជុំ លោកជំទាវប្រធានអង្គប្រជុំ បានធ្វើការវាយតម្លៃខ្ពស់លើសមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៤ ព្រមទាំងកោតសរសើរដល់ការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃក្រុមការងារយេនឌ័រតាមនាយកដ្ឋាន-អង្គភាព មន្ទីរ ការិយាល័យ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។
នៅក្នុងកិច្ចប្រជុំនេះ លោកជំទាវប្រធានអង្គប្រជុំ បានផ្តល់ជាអនុសាសន៍ និងណែនាំតម្រង់ទិសដៅការងារមួយចំនួនសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់។
ជាចុងក្រោយ លោកជំទាវអគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណ ដល់មន្ត្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ប្រកបដោយប្រសិទ្ធភាព និងឆន្ទៈមោះមុត ក្នុងការអនុវត្តការងារផងដែរ ៕