10 , 1
រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ នាំយកវត្ថុអនុស្សាវរីយ៍ ជូនពរ ឯកឧត្តម CHANG JIAN អគ្គទីប្រឹក្សាអមស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងឯកឧត្តម Wang wentian ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ
បានសម្ដែងនូវមនោសញ្ចេតនាប្រកបដោយ ភាពកក់ក្តៅ និងបានជូនពរ ឯកឧត្តម CHANG JIAN អគ្គទីប្រឹក្សាអមស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ និងថ្លែងអំណរគុណដល់ភាគីមិត្ត ចំពោះការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ទាំងស្មារតីដល់នគរបាលជាតិកម្ពុជានាពេលកន្លងមក និងបានផ្លាស់ប្ដូរនូវព័ត៌មានបម្រើឲ្យការងារសន្តិសុខ សណ្ដាប់ធ្នាប់ នៃប្រទេសទាំងពីរផងដែរ។ ទន្ទឹមនឹងការផ្លាស់ប្តូរព័ត៌មាន ភាគីទាំងពីរនៅរក្សាបានការទំនាក់ទំនងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការទំនាក់ទំនងគ្នាជាប្រពៃណី មនោសញ្ចេតនាបងប្អូន ជាពិសេសការចាត់តាំងឲ្យមានក្រុមប្រតិភូជូនពរគ្នាទៅវិញទៅមកនាពេលមានបុណ្យប្រពៃណីជាតិ នៃប្រទេសនីមួយៗ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានថ្លែងកោតសរសើរដល់ ស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ដែលបានចូលរួមជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសឆបោកតាមអនឡាញ និងសូមអបអរចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ នៅតែបន្តវឌ្ឍនភាពទៅមុខ និងសង្ឃឹមថា កិច្ចសហប្រតិបត្តិការទំនាក់ទំនងជាប្រពៃណី រួមទាំងការអនុវត្តច្បាប់ប្រឆាំងបទល្មើស ក៏ដូចជាមនោសញ្ចេតនាសាមគ្គីភាពនៅតែបន្តជាដរាបយូរអង្វែង ហើយក៏ជាផ្នែកមួយគំរូដល់កងកម្លាំងជំនាន់ក្រោយនៃប្រទេសទាំងពីរផងដែរ៕