General Commissariat of National Police
.

ករណីគ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុកកិន បណ្តាលឲ្យស្លាប់ម្នាក់ នៅស្រុកសង្កែ

Loading

បាត់ដំបង៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៧នឹង៣០នាទី នៅចំណុចវាលស្រែលូ៦ ភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថភ្លើងកិនមនុស្សម្នាក់ស្លាប់ ។

លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានរាយការណ៍ឲ្យដឹងថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះឈ្មោះ ផ្លុង សាវឿន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំ អូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ស្លាប់នៅនិងកន្លែងកើតហេតុ ។

តាមការបំភ្លឺរបស់ឈ្មោះ ផ្លុង ហាប់ ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវជាឪពុកបង្កើត(សព) បានអោយដឹងថាកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៩៖៣០នាទី ខ្លួនបានចេញទៅច្រូតស្មៅឲ្យគោ ហើយបានទុកកូននៅផ្ទះរួចដាក់ជើងចាក់ជាប់ច្រវាក់ ពីព្រោះវាមាន (ជំងឺសរសៃប្រសាទ) តាំងពីកំនើតមក លុះច្រូតស្មៅបានហើយមកដល់ផ្ទះវិញមិនឃើញកូន ហើយបានដាច់ច្រវាក់ជើងទៀតខ្លួននាំគ្នាដើរតែរកមិនឃើញរហូត លុះដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៨:០០នាទី មានគេមកប្រាប់ថាកូនរបស់ខ្លួនត្រូវបានរថភ្លើងកិនស្លាប់នៅចំណុចវាលស្រែលូ៦ ។ ពេលនោះខ្លួនបានទៅដល់ហើយឃើញកូនបានស្លាប់នៅលើផ្លូវរថភ្លើងពិតមែន ។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានបញ្ជាក់ដឹងថា៖ ជនរងគ្រោះពិតជាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុកកិនស្លាប់ ពិតប្រាកដមែន ។

បច្ចុប្បន្ន នគរបាលស្រុកសង្កែបានធ្វើកំណត់ហេតុ និងបានប្រគល់សាកសពជនរងគ្រោះ ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕