កំពង់ស្ពឺ៖ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ថ្លែងបែបនេះក្នុង ពិធីសម្ពោធសមិទ្ធផល ការងារសង្គមលើ គម្រោងភូមិគំរូ «ស្លាកលេខផ្ទះ-ផ្លូវ ក្រោមម្លប់សន្តិភាព» ស្ថិតនៅ ភូមិរកាធំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស សាម៉ឺឌី គណៈគ្រប់គ្រង និងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល អភិបាលក្រុងច្បារមន ព្រមទាំងសហការី ចៅសង្កាត់កម្មសិក្សាការី និងប្រជាពលរដ្ឋនៅភូមិរកាធំ សង្កាត់រការធំ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។
លោកស្រី ឡា បុប្ផា តំណាងកម្មសិក្សាការីវគ្គវិក្រឹតការ មន្ត្រីមធ្យមថ្នាក់នវានុវត្តន៍ទាំងអស់បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ដែលបានផ្ដល់ឱកាស ឱ្យកម្មសិក្សាការីទទួលបានចំណេះដឹងថ្មីៗ ពីកិច្ចការងារសង្គមផ្ទាល់ ដែលបានបង្ហាញឱ្យឃើញពីឆន្ទ:រួម ស្មារតីសាមគ្គីភាព និងភាតរភាព តាមរយ:ការចំណាយទាំងថវិកាផ្ទាល់ខ្លួន កម្លាំងកាយ បញ្ញាស្មារតី ផលិត និងបំពាក់ស្លាកលេខផ្ទះប្រជាពលរដ្ឋចំនួន២៦១ខ្នងផ្ទះ ដាំបង្គោលលេខផ្លូវចំនួន៥បង្គោល (១០សន្លឹក) ។
ជាមួយគ្នានេះដែរ កម្មសិក្សាការីថ្នាក់នវានុវត្តន៍ក៏បាន ចូលរួមឧបត្ថម្ភបន្ថែមនូវកុំព្យូទ័រយួរដៃចំនួន១គ្រឿង និងម៉ាស៊ីនព្រីនធ័រ(ពណ៌) ជូនដល់រដ្ឋបាលសាលាសង្កាត់រការធំ ដើម្បីប្រើប្រាស់សម្រាប់បម្រើសេវា ជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរប្រកប ដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម យក់ ប៊ុនណារដ្ឋលេខាធិការប្រចាំការ បានថ្លែងដោយកោតសរសើរវាយតម្លៃខ្ពស់លើគម្រោងភូមិគំរូ «ស្លាកលេខផ្ទះ-ផ្លូវក្រោមម្លប់សន្តិភាព» នេះមិនត្រឹមតែបម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរនោះទេ ប៉ុន្តែបានរួមចំណែកធ្វើឱ្យសម្រេចបាននូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្ត ។
ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កិច្ចខិតខំរបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យម ថ្នាក់នវានុវត្តន៍ និងអាជ្ញាធរមូលដ្ឋាន ដែលបានសហកាគាំទ្រយ៉ាងពេញទំហឹង ក្នុងការអនុវត្តគម្រោងការងារសង្គមនេះ រហូតសម្រេចបានជោគជ័យទទួល បានការសាទរត្រេកអរ ពីអ្នកភូមិរកាធំទាំងមូល ៕