SEOUL, Aug 12 (Reuters) – នៅថ្ងៃចន្ទ មន្ត្រីបាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមសមយុទ្ធយោធារដូវក្តៅប្រចាំឆ្នាំ នៅសប្តាហ៍ក្រោយ ដើម្បីបង្កើនសមត្ថភាពទប់ទល់ នឹងអាវុធ និងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធើណិត របស់កូរ៉េខាងជើង ។
សមយុទ្ធដែលមានឈ្មោះថា Ulchi Freedom Shield គ្រោងនឹងដំណើរការពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែសីហា បានធ្វើឡើងនៅពេលដែលកូរ៉េខាងជើងបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ហើយព្យាយាមបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍។
នៅក្នុងសេចក្តីថ្លែងការណ៍០១ យោធានៃប្រទេសទាំង០២បាននិយាយថា សមយុទ្ធនេះនឹងឆ្លុះបញ្ចាំងពី “ការគំរាមកំហែងជាក់ស្តែង” នៅគ្រប់វិស័យទាំងអស់ រួមទាំងការគម្រាមកំហែងមីស៊ីល របស់កូរ៉េខាងជើង ការរាំងស្ទះ GPS ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត និងមេរៀនផ្សេងទៀត ដែលបានរៀនពីឧប្បត្តិហេតុ ដែលបានកើតឡើងថ្មីៗនេះ ។
វរសេនីយ៍ឯក Lee Sung-jun អ្នកនាំពាក្យ នៃសេនាធិការដ្ឋានចម្រុះកូរ៉េខាងត្បូង បានប្រាប់សន្និសីទសារព័ត៌មាន០១ថា សម្ព័ន្ធភាព “នឹងពង្រឹងសមត្ថភាព និងជំហររបស់ខ្លួនបន្ថែមទៀត ដើម្បីទប់ស្កាត់ និងការពារប្រឆាំងនឹងអាវុធប្រល័យលោក”។
លោកបានបន្តថា យោធាកូរ៉េខាងត្បូងក៏នឹងគាំទ្រ ដល់សមយុទ្ធការពារជនស៊ីវិល Ulchi ដែលដឹកនាំដោយរដ្ឋាភិបាលក្នុងពេលដំណាលគ្នា នៅក្នុងសេណារីយ៉ូ នៃការប្រឆាំងការវាយប្រហារនុយក្លេអ៊ែរ ដោយកូរ៉េខាងជើង។
លោកក៏បានបន្ថែមថា ទាហានកូរ៉េខាងត្បូងប្រហែល ១៩.០០០នាក់ ដែលជាចំនួនស្រដៀងនឹងឆ្នាំមុន នឹងចូលរួមក្នុងការហ្វឹកហ្វឺនលើទីលានរួមគ្នាចំនួន ៤៨ជុំ រួមទាំងសមយុទ្ធនៅទីវាល ការបាញ់គ្រាប់ពិត និងសមយុទ្ធ amphibious ៕