តាកែវ៖ ព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀចំកិច្ចប្រជុំ”ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥”។
ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ដោយមានការចូលរួមពីៈ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោក លេខ៦០៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១០ លោកអធិការរងទទួលផែនការងារសន្តិសុខ ព្រហ្មទណ្ឌ សណ្តាប់ធ្នាប់ អត្តសញ្ញាណប័ណ្ណ និងគ្រឿងញៀន លោកនាយប៉ុស្តិ៍ទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទាំង១០០ និងមន្ត្រីដែលពាក់ព័ន្ធ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ណែនាំផ្តាំផ្ញើ និងសង្កត់ធ្ងន់ថាៈ កម្លាំងនៅគ្រប់គោលដៅ ងាយរងគ្រោះឈរជើងប្រចាំការ ទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្ការទប់ស្កាត់ បទល្មើសកើតឡើង ជាពិសេសនៅគ្រប់បណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក ត្រូវដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ កុំឲ្យមានករណីក្មេងទំនើង ឆ្លៀតឱកាសលួច ឆក់ទៅលើបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាកំសាន្តផងដែរ៕