មណ្ឌលគិរី ÷ នារសៀល ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបិទសវនកម្មផ្ទៃក្នុងនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សម្រាប់ការិយបរិច្ឆេទ២០២៣។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមដែលជាក្រុមការងារគណៈប្រតិភូសវនកម្មផ្ទៃក្នុងព្រមទាំងលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងអស់លោកលោកស្រីជាស្នងការរង លោកនាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២លោកនាយប៉ុស្តិ៍ច្រកទ្វារទាំងបី ព្រមទាំងលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំ ព្រមទាំងលោកនាយប៉ុស្តិ៍រដ្ឋបាលទាំ២១ ឃុំសង្កាត់ដែលបានចូលរួមផងដែរ។
ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំបិទសវនកម្មផ្ទៃក្នុងសម្រាប់ការិយបច្ឆេទសំរាប់ ឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានឡើងអានរបាយការណ៍ស្វាគមន៍ជូនគណ:អធិបតី។ ទន្ទឹមគ្នានោះផងដែរ លោកវរសេនីយ៍ឯក ឈុន ពិសិដ្ឋ ដែលជាក្រុមការងារសវនកម្មក្រសួងមហាផ្ទៃ បានឡើងអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលបូកសរុបការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធជូនគណ:អធិបតីនិងអង្គពិធីទាំងមូល។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំអភិវឌ្ឍន៍របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលបានខិតខំយកចិត្តទុកដាក់ការងារ ស្របតាមកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជំរុញចូលរួមចំណែកនៅក្នុងការលើកកម្ពស់ ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឱ្យទទួលបានជោគជ័យ ព្រមទាំងអភិវឌ្ឍសមត្ថភាពស្ថាប័នក្នុងដំណើរការធ្វើបរិវឌ្ឍកម្មវិធីឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា។
បន្ថែមពីលើនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកក៏បានគូសបញ្ជាក់ផងដែរថា ÷ស្នងការដ្ឋាននគរបាលខេត្តមណ្ឌកគិរី ពិតជាបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តស្របតាមគោលនយោបាយកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេស កម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងគោលនយោបាយ “ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព” ក្រោមការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា តាមរយៈសេចក្តីរាយការណ៍ជូនរបស់លោក ឧត្តមសេនីយ៍ទោ ស្នងការជូនអង្គពិធី នូវលទ្ធផលសវនកម្មនៅស្នងការនគរបាលខេត្តមណ្ឌលគិរី ក្រុង ស្រុក ឃុំ សង្កាត់ក្រោមចំណុះ ដោយគណៈប្រតិភូសវនកម្មផ្ទៃក្នុង ឃើញថារដ្ឋបាលខេត្តទទួលបានលទ្ធផលជាវិជ្ជមាន និងវឌ្ឍនភាពនៃប្រតិបត្តិការការងារសំខាន់ៗមួយចំនួនគួរឱ្យកត់សម្គាល់។ ប៉ុន្តែក៏នៅមានចំណុចខ្វះចន្លោះ និងបញ្ហាប្រឈមមួយចំនួន ដែលត្រូវបន្តដោះស្រាយ និងធ្វើការកែលម្អឱ្យបានល្អប្រសើរឡើងវិញផងដែរ។ ដើម្បីធានាសម្រេចឱ្យបាននូវសមិទ្ធផលការងារបន្ថែមសម្រាប់ខេត្ត ស្នងការនគរបាលខេត្តមណ្ឌលគិរី ឯកឧត្តម បានផ្តល់ជូនអនុសាសន៍សំខាន់ៗលើការពង្រឹងការគ្រប់គ្រងចំណូល-ចំណាយការអនុវត្តវិធាន និងបទបញ្ញត្តិលទ្ធកម្មសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិក ធ្វើជាត្រីវិស័យតំរង់ទិសការអនុវត្តការងារ និងការផ្តល់សេវារដ្ឋបាលឱ្យកាន់តែល្អប្រសើរ។ ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានប្រសិទ្ធិពរជ័យជូនចំពោះ លោក លោកស្រីដែលជាស្នងការរង និងមន្រ្តីនគរបាលទាំងអស់ក្នុងអង្គពិធីទាំងមូល សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយនិងធ្វើកាបិទសវនកម្មចាប់ពីពេលនេះទៅ៕