General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញបិទវគ្គបំប៉នរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍

Loading

ព្រះវិហារ ៖ ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំពិធីបិទវគ្គបំប៉នរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ក្នុងពិធីនេះដែរ អញ្ជើញចូលរួមពីប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត លោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង/ស្រុកទាំង ០៨ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥១ ឃុំ/សង្កាត់ សរុបចំនួន ២៦៤នាក់ ស្រី ៥៥នាក់ ។

កិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត អានសន្ទរកថាស្វាគមន៍ជូនគណៈអធិបតី និងលោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល រាយការណ៍ស្តីពីលទ្ធផលវគ្គបំប៉នរយៈពេលខ្លីជូនគណៈអធិបតី រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានផ្តល់កិត្តិយប្រគល់វិញ្ញាបនបត្របញ្ចាក់ការសិក្សាជូនសិក្ខាកាមចំនួន ១៤៧នាក់ ស្រី ៥៣នាក់ ។

ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់មន្រ្តីនគរបាលជាតិ និងសិក្ខាកាម នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានជំរុញដល់មន្រ្តីទាំងអស់ឲ្យយកចិត្តទុក្ខដាក់ក្នុងការបំពេញតួនាទីភារកិច្ចទៅតាមជំនាញ និងបន្តគ្រប់គ្រងស្ថានភាពភូមិសាស្រ្តក្នុងដែនសមត្ថិកិច្ចគ្រប់គ្រងរបស់ខ្លួន រឹតបណ្តឹងគ្រប់គ្រងក្មេងទំនើង, បទល្មើសគ្រឿងញៀន, ល្បែងស៊ីសងគ្រប់ប្រភេទ, បទល្មើសជួញដូរគ្រប់ទម្រង់, បទល្មើសព្រហ្មទណ្ឌផ្សេងៗ និងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់ និងជាពិសេសសិក្ខាកាមដែលទើបតែបញ្ចប់វគ្គត្រូវយកចំណេះដឹងទាំងអស់ទៅបម្រើប្រជាពលរដ្ឋ បម្រើរាជរដ្ឋាភិបាលឲ្យមានភាពល្អប្រសើរ ។

មុននឹងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានគណៈអធិបតី បានជូនពរគណៈអធិបតី សមាជិក សមាជិកា នៃអង្គពិធី ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល សូមជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឡើយ៕