រាជធានីភ្នំពេញ ៖ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ សិស្សសាលាប៊ែលធីអន្តរជាតិថ្នាក់ទី៧ ទី៨ ចំនួនជាង៧០០០នាក់ទាំង២៨សាខាទទួលបានចំណេះដឹងពីកម្មវិធីបង្កេីនចំណេះដឹងទូទៅស្តីពីការយល់ដឹងពីគ្រឿងញៀន និងបារីអេឡិចត្រូនិក។
លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅប៊ែលធី អន្តរជាតិ បានថ្លែងស្វាគមន៍និងរាយការណ៍ពីការរៀបចំកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កេីនចំណេះដឹងទូទៅ) តាមបែបចម្រុះ (ចូលរួមដោយផ្ទាល់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិក ) ក្រោមប្រធានបទ «ការយល់ដឹងពីគ្រឿងញៀន និងបារីអេឡិចត្រូនិក » ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខាបានថ្លែងថា សិស្សសាលាប៊ែលធីអន្តរជាតិទាំងអស់ត្រូវចូលរួមការពារខ្លួនឯង ក្រុមគ្រួសារ និងជួយអ្នកជិតខាងកុំឱ្យប្រើនិងញៀនគ្រឿងញៀនចៀសវាងដាច់ខាតមិនទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិក និងចូលរួមជួយសង្គម ជាកូនល្អ សិស្សល្អ មិត្តល្អ ប្រជាពលរដ្ឋល្អ មានគុណធម៌ និងសាមគ្គីភាព។
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយសាធារណ:នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានពាំនាំកោតសសើរនិងអរគុណពីឯកឧត្តមសន្តិបបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនដល់ឯកឧត្តម បណ្ឌិត លី ឆេង អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិកនិងជាអគ្គនាយកប៊ែលធីគ្រុបនិងសហការីទាំងអស់ដែលបានរៀបចំកម្មវិធីសិក្សាបន្ថែមដល់សិស្សជាង៧០០០នាក់មកទទួលការយល់ដឹងពីគ្រឿងញៀន ផលប៉ះពាល់នៃគ្រឿងញៀន យល់ដឹងពីការបង្ការខ្លួនឯង និងការចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាបញ្ហាស្មុគស្មាញ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន គំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម ហើយមិនទៅប៉ះពាល់បារីអេឡិចត្រូនិក ដែលនាំប៉ះពាល់សុខភាពធ្ងន់ធ្ងរ។
ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួតបានសំណូមពរដល់អ្នកចូលរួមសូមយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួគ្រួសារនិងមនុស្សជាទីស្រឡាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀននិងបារីអេឡិចត្រូនិកដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនប្រើបារីអេឡិកត្រូនិក និងរួមគ្នាផ្សព្វផ្សាយនិងប្រើប្រាស់App NoDrug : https://nodrugsnacd.com/download ដើម្បីរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានទាំងអស់គ្នា ។