ភ្នំពេញ៖ យ៉ាងហោចណាស់យានយន្តចំនួន១៧គ្រឿង ក្នុងចំណោមយានយន្តចំនួន១០៥គ្រឿង ដែលបានឆ្លងកាត់គោលដៅត្រួតពិនិត្យជាតិស្រវឹងនៅយប់ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ នៅខណ្ឌដង្កោរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ ដោយឡែកអធិការដ្ឋាននគរបាលខណ្ឌ ដង្កោ បានសហការជាមួយកម្លាំងនគរបាលការិយា ល័យជំនាញមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំ ពេញ បន្តចុះដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវ គោកត្រួតពិនិត្យជាតិស្រវឹងនៅវេលាម៉ោង២៣និង០០ នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដល់ម៉ោង០២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០ ២៤ នៅចំណុចលើបណ្តោយផ្លូវ៥០ម៉ែត្រ ទល់មុខផ្សារប៉េងអុីម ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ដែលមានកម្លាំងសរុបចំនួន៤០នាក់ ក្នុងនោះកម្លាំងមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ២១នាក់ និងកម្លាំងអធិការដ្ឋានខណ្ឌដង្កោចំនួន ១៩នាក់។
របាយការណ៍ដដែលបន្តថា៖ សហប្រតិបត្តិការត្រួត ពិនិត្យជាតិស្រវឹងនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ គ្រឹស្នា ជាស្នងការរងទទួលការងារខណ្ឌដង្កោ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងដឹកនាំចុះអនុវត្តផ្ទាល់ដោយលោកវរសេនីយ៍ទោ អែល សំណាង នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ អ៊ូច សុខដូរ៉ា លោកវរសេ នីយ៍ទោ ស៊ិន កុសល ជាអធិការរងខណ្ឌដង្កោ។
របាយការណ៍បញ្ជាក់បន្ថែមថា៖ លទ្ធផលនៃកិច្ចសហ ប្រតិបត្តិការយានយន្តឆ្លងកាត់គោលដៅមានចំនួន ១០៥គ្រឿង ឃាត់យានយន្តល្មើសចំនួន១៧គ្រឿង (រថយន្តចំនួន០៧គ្រឿង និងម៉ូតូចំនួន១០គ្រឿង) និងល្មើសជាតិស្រវឹង១៧គ្រឿង កម្រិត០.២៥ដល់ ០.៣៩ mg/L សរុប០៦គ្រឿង អ្នកបើកបរម៉ូតូ២នាក់ និងអ្នកបើកបររថយន្ត០៤នាក់។ កម្រិត០.៤០mg/L ឡើង១១គ្រឿង អ្នកបើកបរម៉ូតូ០៦នាក់ និងអ្នកបើកបរ រថយន្ត០៥នាក់។
របាយការណ៍ខណ្ឌដង្កោក៏បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា៖ រថយន្តចំនួន០២គ្រឿង និងម៉ូតូចំនួន០៣ គ្រឿងត្រូវបានផាកពិន័យនៅនឹងគោលដៅ នៅសល់ចំនួន១២គ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ដង្កោ ក្នុងនោះរថយន្ត០៥គ្រឿង និងម៉ូតូចំនួន០៧ គ្រឿង ដើម្បីតម្រូវឲ្យម្ចាស់យានយន្តទាំងនោះចូលខ្លួនបង់ផាក់ពិនិត្យតាមច្បាប់។
ជាមួយគ្នានេះផងដែរ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយនឹងក្រុមសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹងនៅតាមបណ្តាគោល ដៅប្រយោជន៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕