General Commissariat of National Police
.

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ខេត្តកំពត និងឯកជនរួមគ្នាផ្សព្វផ្សាយយ៉ាងផុលផុស ពីបញ្ហាគ្រឿងញៀន នៅថ្ងៃបុណ្យសមុទ្រខេត្តកំពត

Loading

កំពត៖ ក្នុងឱកាសប្រជាពលរដ្ឋ ចូលរួមបុណ្យសមុទ្រជុំទី១១ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ គណៈកម្មាធិការ ត្រួតពិនិត្យ​គ្រឿងញៀនខេត្តកំពត ស្ថាប័ន​មីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC) និងក្រុមហ៊ុនទេសចរណ៍ឆាយផល, 2world travel, World Pop travel &tour បានបន្តរួមគ្នាផ្សព្វផ្សាយ ​ពីបញ្ហាគ្រឿងញៀន ដែលជាការពញ្ញាក់អារម្មណ៍ លើកកម្ពស់​ចំណេះដឹង និងចូលរួមការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការតាំងពិព័រណ៍ រូបភាព​ផលវិបាក នៃគ្រឿងញៀន ខិត្តប័ណ្ណ ផ្ទាំងរូបភាព បដាសារព្រមាន សៀវភៅចំណេះដឹងពី​គ្រោះថ្នាក់ នៃគ្រឿងញៀន។

លោក ឡោ សុវិជ្ជា អគ្គនាយករង ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រុមការងារប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុងវិស័យទេសចរណ៍ គឺរាល់ពិធីបុណ្យសមុទ្រ និងបុណ្យទន្លេ សាធារណជនតែង​គាំទ្រ​ចូលរួមទស្សនា សិក្សាស្វែងយល់ពីបញ្ហាគ្រឿងញៀនច្រើនកុះករ ដើម្បីទទួល​បានចំណេះ​ដឹង កាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន ។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ មីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី បានថ្លែងថា ការចូលរួមជួយសង្គម ជាការងារសំខាន់ចាំបាច់ដូច ដែលយើងបានរួមគ្នាធ្វើកន្លងមកមានជាអាទិ៍៖ ការងារលើកទឹកចិត្តដល់សិស្សនិទ្ទេស A ឧបត្ថម្ភសម្ភារសិក្សាដល់សិស្សមានជិវភាពលំបាក នៅខេត្តភាគឥសាន សុវត្ថិភាពចរាចរណ៍ និងការងារបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនជាដើម និងបានឧបត្ថម្ភគាំទ្រ ជាមធ្យោបាយសម្ភារបម្រើដល់ការងារសង្គមនានាផងដែរ ។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត មានថ្នាក់ដឹកនាំកំពូលរបស់ជាតិ មេឃុំ មេភូមិ សាធារណជនបានចូលរួមយ៉ាងច្រើនកុះករ និងបានចូលទស្សនាសិក្សាស្វែងយល់ ទទួលយកឯកសារ ពិសេសបានដឹងពីអត្ថប្រយោជន៍App NoDrug សម្រាប់ផ្សព្វផ្សាយបន្តដល់គ្រួសារ មិត្តភក្តិ សំដៅកសាងបាននូវភូមិ ឃុំ មានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ខេត្ត បានចូលមកទស្សនានូវស្តង់តាំងពិព័រណ៍នេះ ជាការបង្ហាញនូវការយកចិត្តទុកដាក់ ខ្ពស់បំផុតនិងស្របទៅនឹងតាមឆន្ទៈមោះមុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់នីតិកាលទី៧ ហើយក៏ជាសារមួយប្រាប់ដល់គ្រប់សមាសភាពទាំងអស់ ត្រូវតែចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន។

ជាមួយគ្នានេះ ក្នុងនាម ឯកឧត្តមសន្តិបណ្ឌិត នេតសាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ សូមថ្លែងអំណរគុណក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ជាដៃគូយ៉ាងជិតស្និទ្ធ និងក្រុមហ៊ុនទេសចរណ៍ឆាយផល, 2world travel, World Pop travel &tour ដែលបានជួយឧបត្ថម្ភការងារផ្សព្វផ្សាយអប់រំបង្ការ ទប់ស្កាត់ ដែលជាការងារពហុវិស័យ ត្រូវការការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ និងវិស័យឯកជន រួមគ្នាធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីភាពសុខសាន្ត ការអភិវឌ្ឍជូនប្រជាពលរដ្ឋ និងអនាគតកូនចៅយើង៕