បាត់ដំបង៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២០និង០០នាទី ស្ថិតនៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីហិង្សាធ្វើអោយខូចខាតដោយចេតនា (កាប់ម៉ូតូ យកស្លាកលេខ) មួយកើតឡើង បង្កឡើងដោយក្រុមក្មេងទំនើង ០១ក្រុម មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពប្រើប្រាស់កាំបិតកាប់យកស្លាកលេខម៉ូតូ របស់ជនរងគ្រោះ ។
ក្រោយពីបានទទួលពត៌មានពីប្រជាពលរដ្ឋបានប្តឹងរាយការណ៍ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ សុខ នួន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្មី ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកម្មករ និង២-ឈ្មោះ ម៉ៅ ប៊ុនថន ភេទប្រុស អាយុប្រហែល១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកដើម្បីធ្វើការសាកសួរ ។
ក្រោយពីសាកសួរជនសង្ស័យខាងលើបានសារភាពថា បានធ្វើសកម្មភាពប្រើប្រាស់កាំបិតកាប់ទៅលើម៉ូតូ និងយកស្លាកលេខ របស់ជនរងគ្រោៈពិតប្រាកដមែន ។ មូលហេតុ៖ មានគំនុំពីមុនមក ។ វត្ថុតាងដកហូតបាន ៖
-កាំបិតនិងដាវចំនួន ០៤ដើម ក្នុងនោះ (កាំបិតដែកដងឈើ ចំនួន ០១ដើម, កាំបិតស ចំនួន ០២ ដើម, ផ្លែដាវមួយកំណាត់) ។
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ឡើងតែមឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AV-7862
-របាំភក់ក្រោយម៉ូតូជាប់ស្លាកលេខ ប៉ៃលិន 1C-5875 ចំនួន០១ ។
បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕