កែប ៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកែប។
ក្នុងពិធីនេះមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ទោ អនុប្រធានយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ ,ឯកឧត្តម ឧត្តមសេនីយ៍ទោ អនុប្រធានសេនាធិការដ្ឋាន , ឯកឧត្តម ឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាននគរបាលកិច្ចការប៉ុស្តិ៍ដ្ឋបាល ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានពន្ធធនាគារខេត្ត មេបញ្ជាការនគរបាលការពារព្រំដែនទឹកវរ:លេខ៤៣០ មន្ទីរអង្គភាពពាក់ព័ន្ធ លោក លោកស្រីស្នងការរង នាយករដ្ឋបាលខេត្ត អភិបាល-អធិការក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាល សរុបចំនួន១២២នាក់។
តាមរបាយការណ៍លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានបញ្ជាក់ថា: ឆ្នាំ២០២៤ នគរបាលខេត្តកែប បានបំពេញភារកិច្ចស្នូលតាមការណែនាំរបស់ថ្នាក់លើ ទាំងការច្នៃប្រឌិត ម្ចាស់ការដោយខ្លួនឯង រក្សាបានល្អ ខឿនសន្តិសុខ សណ្តាប់ធ្នាប់សង្គម កសាងអភិវឌ្ឍន៍អង្គភាព ពង្រឹងវិន័យ បទបញ្ជាផ្ទៃក្នុងបានល្អ ដែលនាំឱ្យអង្គភាពទទួលបាននូវការកោតសរសើរ និងនាំឱ្យមូលដ្ឋានភូមិ ឃុំ សង្កាត់ទាំង៥ ជាប់ចំណាត់ថ្នាក់លេខ១:៣ឃុំសង្កាត់ និងចំណាត់ថ្នាក់លេខ២:២ឃុំសង្កាត់(ពុំមានឃុំសង្កាត់ណាមួយគ្មានចំណាត់ថ្នាក់នោះទេ)។
បន្ទាប់ពីបូកសរុបលទ្ធផលនៃអង្គប្រជុំរួចមក ក្នុងឱកាសនោះដែរក៏មានការប្រគល់ជូន ប័ណ្ណនិងលិខិតសរសើរ ពីក្រសួងមហាផ្ទៃ ផ្ដល់ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត អធិការនគរបាលក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។
លោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប បានវាយតម្លៃខ្ពស់ និងឯកភាពលើរបាយការណ៍និងទិសដៅរបស់ស្នងការដ្ឋាននគរបាលខេត្តកែប និងសូមឲ្យអង្គសន្និបាតបន្តយកជាទិសដៅក្នុងការដាក់ចេញហើយបន្តការអនុវត្តជានិច្ចឲ្យជោគជ័យលើផ្នែក សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឲ្យទទួលបានជោគជ័យសម្រាប់ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរង បាននាំនូវការផ្តាំផ្ញើរសួរសុខទុក្ខរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងនគរបាលទាំងអស់នៅក្នុងខេត្តកែប។
បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់កងកម្លាំងនគរបាលខេត្តកែបទាំងអស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ក៏បានណែនាំដល់នគរបាលខេត្តកែបទាំងមូល ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសការពារសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកលេងកម្សាន្ដ ឲ្យបានល្អប្រកបដោយជំនឿ ជឿជាក់ និងទំនុកចិត្ត ៕