ព្រះវិហារ ៖ នៅព្រឹក ថ្ងៃ អង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបើកអង្គសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ។
ក្នុងអង្គសន្និបាតនេះដែរមានការអញ្ជើញចូលរួមពី លោក/លោកស្រីស្នងការរង លោក/លោកស្រីនាយ នាយរងការិយាល័យគ្រប់ជំនាញ លោក លោកស្រីអធិការ អធិការរងក្រុង/ស្រុកទាំង ០៨ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ទាំង ៥១ សរុបប្រមាណ ចំនួន ១៩៤នាក់ ស្រី ១២នាក់។
ជាកិច្ចចាប់ផ្តើមបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានអានសន្ទរកថាស្វាគមន៍ជូនអង្គពិធីទាំងមូល និងបានអនុញ្ញាតិឱ្យលោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងផែនការងារសេនាធិការ ឡើងអានរបាយការណ៍បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។ ទន្ទឹមនោះផងដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានអនុញ្ញាតិឱ្យ លោក លោកស្រីស្នងការរង លោកនាយការិយាល័យគ្រប់ជំនាញ និងលោកអធិការក្រុង/ស្រុកទាំង ០៨ ធ្វើបទរាយការណ៍ស្តីពីបទពិសោធិ៍ការងារបង្រ្កាបបទល្មើសគ្រប់ប្រភេទ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ការប្រមូលអាវុធកែឆ្នៃខុសច្បាប់ ការធ្វើវេទិការសាធារណៈ ស្ថិតនៅក្នុងភូមិសាស្រ្តគ្រប់គ្រងរបស់ខ្លួនរយះពេល ០១ឆ្នាំជូនអង្គសន្តិបាត ។
មុននិងបញ្ចប់ លោកឧត្តមសេនីយ៍ទោស្នងការ បានមានប្រសាសន៍កោតសរសើរដល់មន្រ្តីនគរបាលទាំងអស់ ដែលបានខិតខំអនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរ និងសូមអោយមន្រ្តីនគរបាលទាំងអស់ ខិតខំយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានដោយផ្អែកលើគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕