General Commissariat of National Police
.

កម្លាំងនគរបាលខណ្ឌ៧មករា ដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅមហាវិថីព្រះមុនីវង្ស រកឃើញយានយន្តល្មើស១១គ្រឿង

Loading

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់យានយន្តល្មើសបើកបរក្រោមឥទ្ធិពលជាតិស្រវឹងចំនួន ១១គ្រឿង បានចូលខ្លួនបង់ផាក់ពិន័យនៅហ្នឹងគោលដៅ។

កងកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់គោលដៅត្រួតពិនិត្យចំពោះអ្នកបើកយានយន្តក្រោមឥទិ្ធជាតិស្រវឹង នៅវេលាម៉ោង២៣ និង០០នាទីយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅលើបណ្ដោយមហាវិថីព្រះ មុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្រោមឥទិ្ធពលជាតិស្រវឹង និងគ្រឿងញៀន នៅវេលាម៉ោង២៣ និង០០នាទីយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់វេលាម៉ោង០២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅលើបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ 

របាយការណ៍ដដែលនេះបន្តថា ៖ សហប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ គល់ យី និងលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងទទួលការងារខណ្ឌ៧មករា និងលោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ដែលមានកម្លាំងចូលរួមចំនួន ៥០នាក់ ក្នុងនោះកម្លាំង នៃអធិដ្ឋាននគរបាលខណ្ឌ៧មករាចំនួន ១៥នាក់។

របាយការណ៍បង្ហាញថា ៖ លទ្ធផល នៃកិច្ចសហប្រតិបត្តិការបានត្រួតពិនិត្យលើយានយន្តឆ្លងកាត់គោលដៅមានចំនួនសរុប ៨៦គ្រឿង (ម៉ូតូចំនួន ៣៦គ្រឿង, រថយន្តចំនួន ៥០គ្រឿង) ក្នុងនោះរកឃើញយានយន្តល្មើសច្បាប់សរុបចំនួន ១១គ្រឿង បានធ្វើការផាកពិន័យ។ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន ០៥គ្រឿង ចំពោះអ្នកបើកបរល្មើសជាតិស្រវឹងកម្រឹត០.២៥ ដល់០.៣៩mg/L មានចំនួន ០៤គ្រឿង និងអ្នកបើកបររថយន្តល្មើសជាតិស្រវឹង០.៤០ mg/Lឡើង មានចំនួន ០២គ្រឿង។ ជាមួយគ្នានេះផងដែរ អ្នកបើកបររថយន្ត២នាក់ និងអ្នកបើកបរម៉ូតូ២នាក់ ត្រូវបានធ្វើការអប់រំ។

ឆ្លៀតក្នុងឱកាសនេះ លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចដែលចុះអនុវត្តច្បាប់ចរាចរណ៍នៅតាមគោលដៅ ប្រយោជន៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕