ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំធំអាគារ “A”សាលាខេត្តព្រៃវែង បានរៀបចំកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការនគរបាលខេត្តព្រៃវែង។
ក្នុងពិធីបើកសន្និបាតនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានលើកឡើងអំពីវឌ្ឍនភាពក្នុងរយ:ពេល១ឆ្នាំ ដោយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តព្រៃវែង ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត កងកម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានលះបង់កម្លាំងកាយ ចិត្តគ្រប់យ៉ាង ខិតខំធ្វើការតស៊ូជម្នះរាល់ឧបសគ្គ ក្នុងពេលបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានផ្លែផ្កានូវស្នាដៃធំៗជាច្រើន បានធ្វើឱ្យបរិយាកាសសង្គមទាំងមូលមានភាពល្អប្រសើរ រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជាពិសេសការធានាបានទាំងស្រុងនូវសុវត្ថិភាព ក្នុងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ឋព្រមទាំងពិធីបុណ្យជាតិផ្សេងៗ ជាច្រើនទៀតផងដែរ ។
ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្ថែមទៀតថា ដើម្បីបន្ដនិរន្ដរ៍ភាពការងារប្រកបដោយប្រសិទ្ធភាព គ្រប់គណ:ជំនាញពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន ត្រូវបង្កើនការធ្វើផែនការអនុវត្កការងារតាមអង្គភាពនីមួយៗ ឱ្យបានច្បាស់លាស់ ហើយត្រូវដាក់ការត្រួតពិនិត្យ វាយតម្លៃលើលទ្ធផលរបស់ខ្លួន ថាតើសម្រេចបានដូចផែនការដែលបានគ្រោងទុក ដែលឬអត់? ។ ព្រមទាំងធ្វើការណែនាំ ធ្វើការបែងចែកក្រុមពិភាក្សាចំនួន ៦ ក្រុមរួមមាន÷ ១-ក្រុមស្នងការរង ២-ក្រុមនាយការិយាល័យទាំង ៣០ ៣-ក្រុមអធិការក្រុង-ស្រុកទាំង ១៣ ៤-ក្រុមអធិការរង ៦-ក្រុមនាយផ្នែក និងទី៦-ក្រុមនាយប៉ុស្តិ៍ទាំង ១១៦ ដោយលើកឡើងនៅបញ្ហាប្រឈម និងដំណោះស្រាយ លើកទើសដៅផែនការអនុវត្តបន្ថែមនៅឆ្នាំខាងមុខយកមកពិភាក្សាក្នុងក្រុមនីមួយៗ ទាំងនេះ សបញ្ជាក់អំពី ការជំរុញ លើកទឹកចិត្តក៏ដូចជាពង្រឹងសមត្ថភាពជំនាញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកអធិការ-អធិការរងនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១១៦ ប៉ុស្ដិ៍ផងដែរ ៕