បាត់ដំបង៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៧នឹង០០នាទី នៅចំណុចរោងម៉ាស៊ីនកិនស្រូវ ក្នុងក្រុមទី៥០ ភូមិតាសី ឃុំតាម៉ឺ ស្រុកថ្មគោល ខេត្តបាតដំបង មានករណីលួចមានស្ថានទម្ងន់ទោស (ទ្រព្យសម្បត្តិ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ស័ង្កសីរោងម៉ាស៊ីនកិនស្រូវ ចូលលួចយកដែក របស់ជនរងគ្រោះឈ្មោះ គី សែ ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិផ្សារបឹងកេងកង សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ កំលាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ នៅថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យ០២នាក់ ១-ឈ្មោះ ផង់ ណាន ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុថ្មគោល និង២-ឈ្មោះ ផង់ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពយកឈេីគាស់ស័ង្កសីរោងម៉ាស៊ីនកិនស្រូវ ចូលលួចយកដែក របស់ជនរងគ្រោះពិតប្រាកដមែន ។ វត្ថុតាងដកហូតបានរួមមាន៖
-ដែកចំនួន ០២ដុំ
-ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់បាត់ដំបង 1W-775 ។
ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកថ្មគោលសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕