ព្រៃវែង ៖ ព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក ៧លេខ ៦០៧ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្ថិតនៅភូមិសំរោងឃុំល្វា ស្រុកព្រះ ស្ដេចខេត្តព្រៃវែង។
ពិធីនេះ មានការអញ្ជើញចូលរួមពី តំណាងឯកឧត្តមអភិបាលខេត្តព្រៃវែង, លោកឧកញ៉ា ជឹម សុខ, លោកអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន, លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកស្នងការរងទទួលផែនការងារព្រំដែន, លោកមេបញ្ជាការ-មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែន គោកលេខ ៦០៧, អាជ្ញាធរស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះកងកម្លាំងនគរបាល ដែលកំពុងឈរជើងបំពេញភារកិច្ចតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។
ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ក៏បានផ្តល់អនុសាសន៍ដឹកនាំដល់ ថ្នាក់ដឹកនាំ និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៦០៧ សហការឲ្យបានជិតស្និទ្ធបន្ថែមទៀត ជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ពិសេសយកចិត្តទុកដាក់អំពីកន្លែងធ្វើការជម្រកស្នាក់នៅ ការហូបចុកមានអនាម័យ មានសុខភាពល្អហើយអ្វីដែល ឯកឧត្តមបានសង្កត់ធ្ងន់នាពេលនោះ គឺការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ នៅតាមបន្ទាត់ព្រំដែន សំដៅផលប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាជនជាធំ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ក៏បាននាំយកថវិកា ចំនួន ៥លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៧ ផងដែរ៕
2 6 1
1