រាជធានីភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តោ ប៉ូ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ និងលោកស្រី Amy L. Shuman អនុព័ន្ធច្បាប់ ការិយាល័យស៊ើបអង្កេតសហព័ន្ធ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមុខជំនាញ ស្តីពីការផ្តិតស្នាមម្រាមដៃថ្នាក់មូលដ្ឋាន នៅនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍អនុប្រធានសេនាធិការ , លោកឧត្តមសេនីយ៍អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍អនុប្រធាននាយកដ្ឋាន នគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ មន្ត្រីជំនាញពាក់ព័ន្ធនិងសិក្ខាកាមមកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្តជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្តើម លោកស្រី Amy L. Shuman អនុព័ន្ធច្បាប់ ការិយាល័យស៊ើបអង្កេតសហព័ន្ធ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំរាជធានីភ្នំពេញ បានមានប្រសាសន៍កោតសរសើរដល់កម្លាំងនគរបាលជាតិកម្ពុជា ដែលជាច្រើនឆ្នាំមកនគរបាលជាតិកម្ពុជា និងអង្គភាព FBI បានធ្វើការរួមគ្នាយ៉ាងសស្រាក់សស្រាំ ស្និតស្នាល សម្របសម្រួល និងបន្ត ទំនាក់ទំនងយ៉ាងល្អ ក្នុងការផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍កំណត់សកម្មភាពរបស់ឧក្រិដ្ឋជន ប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសនានា។
លោកស្រី Amy L. Shuman ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ជាពិសេសមន្ត្រីជំនាញ ដែលបានរួមគ្នាបើកវគ្គបណ្ដុះបណ្ដាលនេះឡើងតាមការគ្រោងទុក ដែលនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះមន្ត្រីបន្តវេន។ លោកស្រី ក៏មានមោទនភាពបំផុតចំពោះសិក្ខាកាម ដែលមានការតាំងចិត្តចូលរួមក្នុងវគ្គបណ្ដាលនេះ ដើម្បីសិក្សាលើជំនាញថ្មីរបស់ខ្លួន និងស្នើអោយសិក្ខាកាមទាំងអស់ មានការយកចិត្តទុកដាក់ចំពោះសិក្សា ត្រងត្រាប់ស្ដាប់គ្រូបង្គោល ដើម្បីទុកជាបទពិសោធន៍ ចំណេះដឹងយកទៅអនុវត្តលើការងារជំនាញរបស់ខ្លួន។
ពីវេទិការអធិបតី ជំនួសមុខឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ និងក្នុងនាម ឯកឧត្តម ឧត្តមសេនីយ៍ឯក តោ ប៉ូ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ មានទឹកចិត្តរំភើបរីករាយ ដែលត្រូវបានថ្នាក់ដឹកនាំចាត់ជាតំណាងធ្វើជាគណអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ជាលើកទី២ Lab/ERT នាពេលនេះ ។
ឯកឧត្តមអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ សូមយកឱកាសនេះ គោរពថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតឲ្យមានការរៀបចំ វគ្គបណ្តុះបណ្ដាលទាំង២វគ្គ ក្រោមកិច្ចសហប្រតិបត្តិការ រវាងនគបាលជាតិកម្ពុជា ជាមួយភាគីការិយាល័យអនុព័ន្ធច្បាប់ អង្គភាព CJIS និងការិយាល័យ - FBI និងឧបត្ថម្ភ គាំទ្រ ទាំងស្មារតី ឧបករណ៍ សម្ភារៈ ពីគ្រូឯកទេសជំនាញ របស់អង្គភាព CJIS និងគណៈរៀបចំវគ្គបណ្តុះបណ្តាលរបស់នាយកដា្ឋននគរបាលកោសលវិច័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកការផ្តាំផ្ញើសារសួរសុខទុក្ខ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ជូនចំពោះលោកស្រី Amy L. Shuman អនុព័ន្ធច្បាប់ការិយាល័យស៊ើបអង្កេតសហព័ន្ធ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំរាជធានីភ្នំពេញ លោកគ្រូឧទ្ទេស សិក្ខាកាមនគរបាលជាតិ ព្រមទាំងសហការី និងក្រុមគ្រួសារទាំងអស់ សូមមានសុខភាពល្អ និងសម្រេចបានជោគជ័យថ្មីៗទាំងក្នុងវគ្គបណ្តុះបណ្តាល និងគ្រប់ភារកិច្ច។
ឯកឧត្តមអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានកត់សម្គាល់ថា វគ្គបណ្តុះបណ្តាលឯកទេសជំនាញលើកទី២ Lab/ERT នាពេលនេះ គឺមានរយៈពេល០៥ថ្ងៃ កាន់តែមានសារៈសំខាន់ ខណៈដែលវគ្គបណ្តុះបណ្ដាលលើកទី១បានបញ្ចប់កន្លងមក ស្ដីពីវិទ្យាសាស្ត្រមូលដ្ឋានស្នាមខ្ចៅដៃមានរយៈពេលតែ៣ថ្ងៃ។ វគ្គនេះសូមសិក្ខាកាមនគរបាលកោសលវិច័យទាំងអស់ ខិតខំបន្តយកចិត្តទុកដាក់ចាប់យកចំណេះដឹង និងឯកទេសជំនាញ ពីលោកគ្រូឧទ្ទេស ដែលមានបទពិសោធន៍ និងកំរិតស្ដង់ដារអន្តរជាតិ មកពីអង្គភាព CJIS ជាពិសេសក្រុមឆ្លើយតបនៅកន្លែងកើតហេតុគ្រប់ប្រភេទ ក្នុងការការពារគ្រប់គ្រង ការពិនិត្យវិភាគ ចាប់យក និងបញ្ជូនវត្ថុតាងពីកន្លែងកើតហេតុទាំងនោះទៅមន្ទីរពិសោធន៍ ដើម្បីធ្វើកោសលវិច័យ ជាកត្តាសំខាន់ក្នុងការពង្រីក សមត្ថភាព និងប្រសិទ្ធភាពជំនាញ ឆ្លើយតបទៅនឹងបទល្មើសដែលកំពុងបង្កជាផលវិបាកដល់សេចក្តីសុខ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ និងការអភិវឌ្ឍន៍សង្គមជាតិ។
ឯកឧត្តមបន្តថា វគ្គនេះមានគោលបំណង ក្នុងការបណ្តុះបណ្តាលសិក្ខាកាម ឱ្យក្លាយជាគ្រូបង្គោលក្នុងនាមជាមន្ត្រីអនុវត្តន៍ច្បាប់ ប្រធានក្រុមដឹកនាំការស៊ើបអង្កេតកន្លែងកើតហេតុ និងបំរើសេវាជាមន្ត្រីនគរបាលយុត្តិធម៌របស់កងកម្លាំងនគរបាលជាតិ។
មុខសញ្ញាសង្ស័យ ជនរងគ្រោះ សាកសពពុំស្គាល់អត្តសញ្ញាណ វត្ថុតាង និងកន្លែងកើតហេតុ ចាំបាច់ត្រូវមានការការពារអោយបានល្អ ប្របែប្រមូលតំរុយ ស្លាកស្នាម វត្ថុតាង ដែលជាធាតុសត្យានុម័ត/ធាតុសម្ភារនៃបទល្មើស ទើបអាចដាក់បន្ទុក ស្វែងរកការពិត និងគាំទ្រដល់ភ្នាក់ងារ ស៊ើបអង្គេត ដោះស្រាយសំណុំរឿងបញ្ជូនទៅតុលាការ និងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ឬក្រុមគ្រួសាររបស់ជនរងគ្រោះ ស្របតាមក្រមនីតិវិធី និងគោលការណែនាំស្តីពីនីតិកោសលវិច័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជំនាញវិជ្ជាជីវៈ ស្តង់ដាជាតិ និងឆ្លើយតបតាមកិច្ចសហប្រតិបត្តការថ្នាក់តំបន់ និងអន្តរជាតិ៕