General Commissariat of National Police
.

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍ ”រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌“ អបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤

Loading

បាត់ដំបង៖ នាព្រឹកថ្ងៃអាទិត្យទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍ ”រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌“ អបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណសួនសម្តេចក្រឡាហោម វិមានឯករាជ្យ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដោយ បានមកចូលរួមក្នុងកម្មវិធី បើកព្រឹត្តិការណ៍ “រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌” អបអរសាទរ ខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសដ៏ថ្លៃថ្លានេះ។

ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង សម្តេចបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រដ្ឋបាលខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាបង្កើតព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះឡើង ដែលយើងអាចមកជួបជុំគ្នា ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦។ ការជួបជុំនេះ បានបង្ហាញ ពីស្មារតីមនុស្សធម៌ វប្បធម៌ចែករំលែក និងកម្លាំងសាមគ្គីដ៏ធំធេងពីគ្រប់មជ្ឈដ្ឋាន ដើម្បីសិទ្ធិមនុស្ស។ ការរត់ គឺជានិមិត្តរូបនៃសេរីភាព និងជាកីឡានាំមកនូវសុខភាព ព្រមទាំងជាផ្នែកមួយ នៃការរួមចំណែកដល់ការលើកកម្ពស់ សិទ្ធិសុខភាព និងសិទ្ធិ រស់រានមានជីវិតរបស់យើងផងដែរ។

សម្ដេច មានប្រសាសន៍បន្តថា ស្របជាមួយគ្នានេះ ការរួមវិភាគទានក្នុងកិច្ចការមនុស្សធម៌ គឺជាកាយវិការដ៏ប្រពៃក្នុងការចូលរួមលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ពោលគឺ ជាការជួយដល់អ្នកដទៃ ឱ្យមានឱកាសទទួលបាននូវសិទ្ធិសេរីភាព ជាមូលដ្ឋានរបស់ពួកគេប្រកបដោយសមភាព និងសមធម៌។ ចំណែកឯថវិកា ដែលទទួលបានពីព្រឹត្តិការណ៍នេះ នឹងប្រើប្រាស់ក្នុង សកម្មភាពសប្បុរសធម៌ ផ្តល់ការឧបត្ថម្ភទ្រទង់ដល់អង្គការមនុស្សចាស់ក្នុងខេត្តបាត់ដំបង អង្គការកុមារកំព្រា និងមន្ទីរពេទ្យគន្ធបុប្ផា ។

សម្តេច មានប្រសាសន៍បន្ថែមថា កត្តាសុខសន្តិភាព ឯកភាពជាតិ និងទឹកដី ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាបុរេលក្ខខណ្ឌសម្រាប់ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា ស្របតាមខ្លឹមសារនៃសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស ដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពី ៧៦ឆ្នាំមុន គឺនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។ ហេតុនេះ ក្នុងនាមយើងជាពលរដ្ឋខ្មែរដែលប្រាថ្នាចង់បាននូវសិទ្ធិសេរីភាពពេញលេញ យើងត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមឱ្យបានជាដាច់ខាត ហើយត្រូវសកម្មក្នុងការចូលរួមក្នុងកិច្ចការសង្គមផ្សេងៗ ប្រកបដោយ មនសិការ និងការទទួលខុសត្រូវ។

សម្ដេច សម្តែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅដល់អត្តពលិកទាំងអស់ ដែលបានលះបង់ទាំងធនធាន ពេលវេលា និងទាំងកម្លាំងកាយចិត្ត ចូលរួមកម្មវិធីដ៏មានអត្ថន័យនាថ្ងៃនេះ ហើយជាពិសេសសូមថ្លែង អំណរគុណដល់សប្បុរសជន និងម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ ដែលបានរួមចំណែកញ៉ាំងឱ្យព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ លេចចេញជារូបរាងឡើង។

ជាទីបញ្ចប់ សម្តេចក្រឡាហោម ស ខេង សូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា និងអត្តពលិកទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសូមឱ្យមានសំណាងល្អ និងភាពរីករាយ។ សម្តេច សូមប្រកាសបើក កម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ចាប់ពីពេលនេះតទៅ៕