បន្ទាយមានជ័យ៖ ទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនិងជាអនុប្រធានប្រចាំការគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំបានដឹកនាំសម្របសម្រួលការងារផ្សព្វផ្សាយអត្ថប្រយោជន៍ និងបិតផ្សាយQR.App NoDrug ជូនអាជីវករនៅផ្សារម៉ាឡៃក៏ដូចជាអាជីវករផ្សារច្រកទ្វារ ព្រំដែនម៉ាឡៃ ដោយមានការចូលរួមពីអង្គការមហាជនមាន : សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា សិស្សានុសិស្ស និងអាជ្ញាធរស្រុកម់ាឡៃ។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងថាអង្គការមហាជន អាជ្ញាធរដែនដីក៏ដូចជាអាជីវករ និងប្រជាពលរដ្ឋបានសំដែង នូវការសប្បាយសប្បាយរីករាយ និងបានទទួលការចាប់អារម្មណ៍ពេលបានទទួលថា យើងមានប្រព័ន្ធសម្រាប់ធ្វើការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមប្រព័ន្ធបច្ចេកវិទ្យាបែបនេះ ដែលពួកគាត់មិនធ្លាប់បានឮនឹង ដឹងគ្នាពេលកន្លងមកទេ ពួកគាត់បានសួរបញ្ជាក់ពីរបៀបប្រើប្រាស់ App NoDrug ពិសេសមុខងាររាយការណ៍ដើម្បីពួកគាត់ អាចប្រើប្រាស់សម្រាប់សុំជំនួយដើម្បីបង្ការ ទប់ស្កាត់និងដោះស្រាយពេលមានករណីគ្រឿងញៀន កើតឡើងនៅក្នុងមូលដ្ឋានរបស់គាត់។
ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានបន្ថែមថាពេល ដែលប្រជាពលរដ្ឋយើង បានប្រើប្រាស់ App NoDrug គ្រប់គ្នាបញ្ហាគ្រឿងញៀន និងបញ្ហានានាដែលពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានដោះស្រាយ ហើយព័ត៌មានចចាមអារាមនានា ពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅមូលដ្ឋានក៏ត្រូវបានលុបបំបាត់ផងដែរ ៕