បន្ទាយមានជ័យ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងបែបនេះក្នុងពិធីបិទ និងប្រគល់វិញាបនបត្រដល់សិក្ខាកាមជ័យលាភី នៃសិក្ខាសាលាផ្សព្វផ្សាយដើម្បីលើកកម្ពស់ចំណេះដឹងស្តីពី ការអប់រំ បង្ការ ទប់ស្កាត់គ្រឿងញៀន ដល់ភាគីពាក់ព័ន្ធក្នុងសហគមន៍នៅ ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ» ក្រោមជំនួយLOA នាល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមជា អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មេភូមិ មេឃុំទូទាំងស្រុកម៉ាឡៃ។
របាយការណ៍ស្វាគមន៍របស់ ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ និងជាអនុប្រធានក្រុមសម្របសម្រួលរៀបចំបានបង្ហាញឲ្យឃើញថា សិក្ខាសាលានេះគឺទទួល បានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អាជ្ញាធរគ្រប់ថ្នាក់ មេឃុំ មេភូមិទូទាំងស្រុកម៉ាឡៃ តាមរយៈការធ្វើតេស្តមុនវគ្គ និងលទ្ធផលក្រោយបញ្ចប់វគ្គក្នុងនោះ គឺអ្នកបានយល់ដឹងពីសិក្ខាសាលានេះ មានចំនួនរហូតដល់៨៣%ហើយការយល់ដឹងពី App NoDrug គឺមានកើនឡើងដល់៨០% ។
ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងនូវកោតសរសើរ ដល់ការប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីទាំងអ្នករៀបចំ វាគ្មិន សិក្ខាកាម ដើម្បីចែករំលែក និងទទួលចំណេះដឹងសម្រាប់យកទៅប្រើប្រាស់ផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋផ្ទាល់នូវមូលដ្ឋាន ដើម្បីឲ្យគាត់មានលទ្ធភាពចូលរួមចំណែកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅមូលដ្ឋាន។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្តថា អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ជាកម្លាំងចលករលើការងារផ្សព្វផ្សាយ អប់រំពីបញ្ហាគ្រឿងញៀននិងការប្រើប្រាស់App NoDrug ការរួមគ្នាបំបំផុសបានការប្រើប្រាស់ពីប្រជាពលរដ្ឋគ្រប់រូប គឺយើងបានបង្កើតឲ្យមានជាចលនាជាតិមួយ ដើម្បីឈានទៅដល់ការលុបបំបាត់ បានបញ្ហាគ្រឿងញៀន ដោយរាល់ករណីគ្រឿងញៀនត្រូវបានបង្ការ និងបង្រ្កាប និងដោះស្រាយ ” ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន ” ៕