រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក តោ ប៉ូ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ និងលោកស្រី Amy L. Shuman អនុព័ន្ធច្បាប់ ការិយាល័យស៊ើបអង្កេតសហព័ន្ធ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមុខជំនាញ ស្តីពីការផ្តិតស្នាមម្រាមដៃថ្នាក់មូលដ្ឋាន នៅនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី អនុប្រធានសេនាធិការ , អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ មន្ត្រីជំនាញពាក់ព័ន្ធ និងសិក្ខាកាមមកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្តជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ លោក Dave Foster និង លោក Phil Dotson មកពីខាង CJIS ដែលជាគ្រូបង្គោល បានចំណាយពេលវេលាដ៏មានតម្លៃ បង្ហាត់បង្ហាញជំនាញផ្តិតស្នាមម្រាមដៃនេះដល់សិក្ខាកាម ទទួលបានលទ្ធផល គិតជាភាគរយប្រហែលពី ៧៥% ទៅ ៨៥% មានលទ្ធផលល្អ, ១៥% ទៅ២៥% មានលទ្ធផលមធ្យ និងខ្សោយ គ្មាន។
លោកស្រី Amy L. Shuman អនុព័ន្ធច្បាប់ ការិយាល័យស៊ើបអង្កេតសហព័ន្ធ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំរាជធានីភ្នំពេញ បានមានប្រសាសន៍ កោតសរសើរដល់កម្លាំងនគរបាលជាតិកម្ពុជា ដែលជាច្រើនឆ្នាំមកនគរបាលជាតិកម្ពុជា និងអង្គភាព FBI បានធ្វើការរួមគ្នាយ៉ាងសស្រាក់សស្រាំ ស្និទ្ធស្នាល សម្របសម្រួល និងបន្តទំនាក់ទំនងយ៉ាងល្អ ក្នុងការផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍កំណត់សកម្មភាពរបស់ឧក្រិដ្ឋជន ប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសនានា។
លោកស្រី Amy L. Shuman ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ជាពិសេសមន្ត្រីជំនាញ ដែលបានរួមគ្នាបើកវគ្គបណ្ដុះបណ្ដាលនេះឡើងតាមការគ្រោងទុក។ លោកស្រី Amy L. Shuman បន្តថា តាមរបាយការណ៍បូកសរុបលទ្ធផលវគ្គសិក្សា ទោះមានពេលវេលាខ្លី តែលោកគ្រូជំនាញបាន ផ្ដល់បទ បង្ហាញយ៉ាងច្បាស់លាស់ ភ្ជាប់ជាមួយលំហាត់ ឧទាហរណ៍ជាក់ស្តែង ចំណែកសិក្ខាកាមមានការយក ចិត្តទុកដាក់ ខិតខំប្រឹងប្រែង ចូលរួមយ៉ាងសកម្ម ចាប់បានចំណុចគន្លឹះ និងរូបមន្តល្អៗ ដែលអាចយកទៅប្រើប្រាស់បំរើកិច្ចការ ជំនាញពេលត្រឡប់ទៅអង្គភាពដើមវិញ និងបន្តយកចំណេះដឹង សំភារៈសិក្សា មេរៀន និងឧបករណ៍ប្រើប្រាស់ ទៅចែករំលែកបន្ត ដែលគណៈគ្រប់គ្រង់វគ្គជឿជាក់ថា ប្រាកដជាទទួល បានលទ្ធផលល្អគួជាទីមោទនៈ។
ជំនួសមុខឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តមឧត្តមសេនីយ៍ឯក តោ ប៉ូ មានសេចក្តីរំភើបរីករាយ ដែលបានចូលរួមជាគណៈអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាពេលនេះ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សូមយកឱកាស នេះដើម្បីសំដែងនូវទឹកចិត្តគោរពអរគុណ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតឲ្យមានការរៀបចំវគ្គបណ្តុះបណ្តាល ក្រោមកិច្ចសហប្រតិបត្តិការ រវាងនគបាលកម្ពុជា ជាមួយភាគី FBI ដែលមាន នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យសាស្ត្រ ជាតួអង្គប្រតិបត្តិករ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក តោ ប៉ូ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌បានបន្តថា វគ្គបណ្តុះបណ្តាលឯកទេសជំនាញនេះ គឺជាកត្តាសំខាន់មួយក្នុងការពង្រឹង ពង្រីកចំណេះដឹង ការកសាងសមត្ថភាពជំនាញ ការបណ្តុះបណ្តាលសិក្ខាកាមឱ្យក្លាយជាគ្រូបង្គោលនៅតាមស្នងការដ្ឋានរាជធានី-ខេត្ត ការបំរើសេវារបស់នរគបាលជាតិ ក្នុងវិស័យ វិទ្យាសាស្ត្រកោសលវិច្ច័យ ក្នុងនាមជាមន្ត្រីអនុវត្តន៍ច្បាប់ ព្រមទាំងក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌។ ការផ្តិតស្នាមម្រាមដៃ ការកសាងសលាកបត្រឯកត្តជន មុខសញ្ញាសង្ស័យ ពិរុទ្ធជន ទណ្ឌិត មុខសញ្ញាភេរវករ ការដំឡើងរូបមន្តក្នុងការធ្វើបណ្ណសារ ការពិនិត្យ វិភាគ វាយតម្លៃ ប្រៀបធៀប ការកំណត់អត្តសញ្ញាណ និងសេវាទិន្នន័យជីវមាឌផ្សេងៗទៀត គឺជាកត្តាចាំបាច់ ដើម្បីកំណត់អត្តសញ្ញាណ ការស្វែងរកការពិត ការគាំទ្រ ដល់ភ្នាក់ងារស៊ើបអង្គេត ការដោះស្រាយសំណុំរឿង ការបង្ការទប់ស្កាត់បទល្មើសបានទាន់ពេលវេលា ការចូលរួមផ្ដល់យុត្តិធម៌ក្នុងវិស័យតុលាការ គឺផ្តោតសំខាន់លើគុណភាព ប្រសិទ្ធភាពខ្ពស់របស់មន្ត្រីជំនាញ ស្របតាមស្ដង់ដាជាតិ និងឆ្លើយតបតាមសំណើ នៃកិច្ចសហប្រតិបត្តការថ្នាក់តំបន់ និងអន្តរជាតិក្នុងពេលបច្ចុប្បន្ន នាពេលអនាគត។ ដូចនេះឯកឧត្តម សូមឲ្យសិក្ខាកាមទាំងអស់ ត្រូវបន្តខិតខំរំលឹកមេរៀន បន្តស្រាវជ្រាវ បន្តចែករំលែកចំណេះដឹង បទពិសោធន៍ និងបង្កើន សមត្ថភាពជំនាញក្នុងការអនុវត្តជាក់ស្ដែង ដោយយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់នគរបាលជាតិ ។ លើសពីនេះត្រូវមានភាពស្មោះត្រង់ គោរពបទវិន័យ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈរបស់កងកម្លាំងនរគបាលជាតិ៕