ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ។
ពិធីនេះ មានការអញ្ជើញចូលរួម ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ឯកឧត្តម ឧត្តមសេនីយ៍ឯក ធូ សារឿន ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកមេបញ្ជាការរងសឹករងខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត លោក-លោកស្រី ស្នងការរង លោកមេបញ្ជាការ មេបញ្ជាការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរងនគរបាលក្រុង ស្រុក លោកនាយប៉ុស្តិ៍រដ្ឋបាល។
ក្នុងអង្គសន្និបាត លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានអានរបាយការណ៍ស្វាគមន៍ និងរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៤ ក្នុងនោះបទល្មើសព្រហ្មទណ្ឌ កើតឡើងចំនួន២២៥ករណីលើ២០៣ករណី បទល្មើសឧក្រិដ្ឋមានចំនួន ៤០ករណីលើ៣០ករណី បទល្មើសមជ្ឈិមមានចំនួន ១៨៥ករណីលើ១៧៣ករណី បណ្តាលអោយមនុស្សស្លាប់ចំនួន៩នាក់ របួស៧០នាក់ រងគ្រោះចំនួន១៦៥នាក់ បាត់ម៉ូតូចំនួន៣០គ្រឿង រថយន្ត៣គ្រឿង និងសម្ភារៈមាសប្រាក់មួយចំនួន។ ទន្ទឹមនោះសមត្ថកិច្ចធ្វើការបង្ក្រាបបានចំនួន១៨៥ករណីលើ២២៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២៥៣នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧៣ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤៩១នាក់ ស្រី៣៣នាក់ ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ៧១៨កញ្ចប់ ទម្ងន់ ២៣៩១,៨៧ក្រាម។ បង្ក្រាបសកម្មភាពក្មេងទំនើង ចំនួន៩៩ករណី ឃាត់ខ្លួនមនុស្ស២៦១នាក់ ស្រី១នាក់ ក្នុងនោះចាត់ការតាមវិធានការច្បាប់បញ្ជូនទៅសាលាដំបូងចំនួន៤៦នាក់ និងអប់រំតាមវិធានការរដ្ឋបាលចំនួន ២១៥នាក់ ស្រី១នាក់ ។ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៧៥លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន៦៤នាក់ របួស៧៦នាក់ ខូតខាតម៉ូតូ៥៦គ្រឿង រថយន្ត៥៤គ្រឿង គោយន្ត៣គ្រឿង កង់១ និងរថភ្លើង៣គ្រឿង ។
ឯកឧត្ដម ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានមានសម្តែងនូវការអបអរចំពោះកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលបានទទួលការកោតសរសើរ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្នុងការខិតខំបំពេញតួនាទីភារកិច្ចជាកងកម្លាំងការពារ សុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ ជូនប្រជាពលរដ្ឋ។ ឯកឧត្ដម ក៏បានមានប្រសាសន៍ ជម្រុញអោយកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងយកចិត្តទុកដាក់លើការងារគ្រប់គ្រងជនបរទេស ទាំងជនបរទេសអន្តោប្រវេសន៍សន្ត និងជនបរទេសដែលធ្វើទេសចរណ៍ ដោយត្រួតពិនិត្យ គ្រប់គ្រងទិន្នន័យ និង រៀបចំឯកសារពាក់ព័ន្ធ ឲ្យបានច្បាស់លាស់ ។
ពីវេទិកាអធិបតី ឯកឧត្ដម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ និងសមិទ្ធផលជាច្រើនដែលស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សម្រេចបានគួរជាទីមោទនៈ ហើយបានឆ្លើយតបទៅនឹងសភាពការណ៍ដែលបានកើតឡើងនាពេលកន្លងមក។ ឯកឧត្តម ក៏បានឯកភាព និងគាំទ្រទាំងស្រុងលើប្រសាសន៍សំណោះសំណាល ផ្តាំផ្ញើ និងចង្អុលណែនាំរបស់ ឯកឧត្តមអភិបាលរងខេត្ត និងបានស្នើដល់លោកស្នងការ ដាក់បញ្ចូលក្នុងទិសដៅការងារប្រចាំឆ្នាំរបស់ស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្ត។
ក្នុងឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ អរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍ ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មលើការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ និងសង្គមជាតិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមោះមុត ហើយទទួលបានលទ្ធផលដ៏ត្រចះត្រចង់។
ឯកឧត្តមអគ្គស្នងការរង ក៏បានលើកយកសមិទ្ធិផល និងស្នាដៃសម្រេចបានរបស់រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៤ រួមមាន បញ្ជៀសបានអំពើភេរវកម្ម និងរក្សាបានព្រំដែនសន្តិភាពគ្មានសង្រ្គាមជាមួយប្រទេសជិតខាង ធានាបានជោគជ័យក្នុងឱកាសរៀបចំការបោះឆ្នោតក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ពិធីបុណ្យចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និង សន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយអាស៊ី លើកទី១២ (ICAPP) កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (IDC-CDI) និងកិច្ចប្រជុំពេញអង្គលើកទី១២ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)ទទួលបានសុវត្ថិភាព និងជោគជ័យទាំងស្រុង។ រក្សាបានសុខសន្តិភាព ស្ថេរភាពជីវភាពសង្គម និងធានាបានប្រក្រត្រីភាពស្ថាប័នរដ្ឋ និងសម្រេចបានសមិទ្ធផលធំៗជាច្រើនទៀត។
ផ្អែកតាមលទ្ធផលបូកសរុបសន្និបាតឆ្នាំ២០២៤ និងការព្យាករណ៍សភាពការណ៍ឆ្នាំ២០២៥ ដើម្បីធានារក្សាបាននូវសុខសន្តិភាពទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ឯកឧត្ដម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានផ្តល់អនុសាសន៍ណែនាំបន្ថែម ដែលជាទិសដៅជូនដល់ អង្គសន្និបាត ដូចខាងក្រោម ៖
១.ត្រូវធានាការពារដាច់ខាតខឿនសន្តិសុខជាតិ និងស្ថិរភាពសង្គម
២.ជម្រុញការងារប្រឆាំងបទល្មើស ដោយត្រូវសហការជាមួយក្រុមប្រតិបត្តិការជំនាញ នៃផែនប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ។
៣.ពង្រឹងការងារសណ្តាប់ធ្នាប់សាធារណៈ ត្រូវខិតខំរៀបចំសម្រួលសណ្ដាប់ធ្នាប់តាមទីប្រជុំជន សាលារៀន (រំដោះចិញ្ចើមផ្លូវ ចំណីផ្លូវ បញ្ជៀសការកកស្ទះ និងគ្រោះថ្នាក់)និងចរាចរណ៍ផ្លូវគោក ដោយបង្កើនវិធានការផ្សព្វផ្សាយអប់រំតាមគ្រប់មធ្យោបាយ គ្រប់រូបភាពគ្រប់គោលដៅ និងបង្កើនការអប់រំវិន័យ សីលធម៌អាកប្បកិរិយាមន្រ្តីនគរបាលចរាចរណ៍ជាប្រចាំ ដើម្បីបញ្ជៀសឱ្យបានភាពអសកម្ម ការកោសរួសប្រជាពលរដ្ឋ។ ការងារអគ្គីភ័យ ត្រូវរៀបចំកម្លាំង មធ្យោបាយ ធ្វើការហ្វឹកហាត់ ត្រៀមអន្តរាគមន៍ និងសង្រ្គោះ, ត្រូវផ្សព្វផ្សាយតាមរយៈវេទិកា “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”អំពីវិធានការបង្ការ ពន្លត់អគ្គីភ័យបឋមដោយប្រើប្រាស់ឧបករណ៍បែបបុរាណ ឬសម័យ ហើយចូលរួមជាចលនាជាមួយកម្លាំងពន្លត់អគ្គីភ័យស្ម័គ្រចិត្តនៅមូលដ្ឋាន និងត្រូវធ្វើសមយុទ្ធជាក់ស្ដែងលើផែនទី (កំណត់ភូមិសាស្រ្តអាទិភាព ច្រកសង្រ្គោះ)។
៤.ការងារព្រំដែន ត្រូវបន្តសហការជាមួយ កងយោពលខេមរភូមិន្ទ រក្សាសន្តិសុខព្រំដែន បង្ក្រាបទល្មើស បង្កើនការហ្វឹកហាត់, ត្រូវពង្រឹងសាមគ្គីផ្ទៃក្នុង សមត្ថភាព វិន័យ លើកកម្ពស់ជីវភាព ដាំដុះ បង្កបង្កើនផល។
៥.គាំទ្រដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវបញ្ចុះកម្លាំងគាំទ្រប៉ុស្ដិ៍ បេសកម្ម (វែង-ខ្លី) ការផ្ទេរភារកិច្ច ម្ចាស់ការលើកម្ពស់សមត្ថភាពជំនាញ ប្ដូរឥរិយាបថមន្រ្តីប៉ុស្ដិ៍, ត្រូវជម្រុញការផ្តល់សេវាតាមតម្រូវការចាំបាច់នានា(ហាមកោសរូស), ពង្រឹងការគ្រប់គ្រងមនុស្ស មធ្យោបាយ អាវុធ ជាតិផ្ទុះមុខរបរពិសេស (ពិសេសការគ្រប់គ្រងវត្តមានជនបរទេសក្នុងមូលដ្ឋានតាមរយៈលិខិតឆ្លងដែន ទិដ្ឋាការស្នាក់នៅ និងមុខរបរ)
៦.ពង្រឹងការងារប្រចាំបញ្ជា និងអន្តរាគមន៍ ត្រូវមានវេនប្រចាំការ ត្រៀមអន្តរាគមន៍ តាមដាន ប្រតិកម្មរហ័ស បកស្រាយ បន្សាបឥទ្ធិពលព័ត៌មានអវិជ្ជមាន ដែលបង្ខូចកតិ្តយសកងកម្លាំង។
៧.ពង្រឹងការងារគ្រប់គ្រងកម្លាំងក្នុងអង្គភាព ត្រួតពិនិត្យលទ្ធផលការងារតាមការបែងចែកប្រគល់ភារកិច្ច (មានកិច្ចប្រជុំទៀងទាត់រាល់ខែ ជាមួយ ស្នងការរង និងការិ.ជំនាញ) ពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តី ដែលមានមុខជាក់ស្ដែងបំពេញការងារ ហើយរាល់ការសុំច្បាប់ធ្វើឡើងតាមគោលការណ៍កំណត់៕