ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ។
ក្នុងពិធីបើកសន្និបាតនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានលើកឡើងអំពីវឌ្ឍនភាពក្នុងរយ:ពេល១ឆ្នាំ ដោយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម កងកម្លាំងនគរបាលទូទាំងខេត្តកំពង់ចាម បានលះបង់គ្រប់យ៉ាង ធ្វើការតស៊ូជម្នះគ្រប់ឧបសគ្គ បំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវស្នាដៃធំៗជាច្រើន បានធ្វើឱ្យបរិយាកាសសង្គមទាំងមូលមានភាពល្អប្រសើរ រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជាពិសេសការធានាបានទាំងស្រុងនូវសុវត្ថិភាព ក្នុងកិច្ចការពារប្រមុខរាជរដ្ឋាភិបាល ឥស្សរជនជាន់ខ្ពស់ ជាតិ-អន្តរជាតិ និងពិធីបុណ្យជាតិ ជាច្រើន ផងដែរ ។
ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមទៀតថា ដើម្បីបន្ដនិរន្ដរ៍ភាពការងារប្រកបដោយប្រសិទ្ធភាព គ្រប់គណ:ជំនាញពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន ត្រូវបង្កើនការធ្វើផែនការអនុវត្កការងារតាមអង្គភាពនីមួយៗ ឱ្យបានច្បាស់លាស់ ហើយត្រូវដាក់ការត្រួតពិនិត្យលើលទ្ធផលរបស់ខ្លួន តើសម្រេចបានដូចផែនការដែលបានគ្រោងទុក ដែលឬអត់ ។ ទាំងនេះ សបញ្ជាក់អំពី ការជំរុញ ក៏ដូចជាពង្រឹងសមត្ថភាពជំនាញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក/លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ លោកអធិការ/អធិការរង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០៩ ៕