General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី យុទ្ធវិធីប្រតិបត្តិការ

Loading

រាជធានីភំ្នពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីយុទ្ធវិធីប្រតិបត្តិការ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

បន្ទាប់ពីគ្រូឧទ្ទេសឡើងមានមតិវាយតម្លៃចំណាត់ថ្នាក់សិក្ខាកាមដែលបានរៀនបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការរយៈពេល៥ថ្ងៃរួចមក លោក ផល សុគន្ធី នាយកប្រចាំប្រទេស នៃអង្គការមេត្រីអន្តរជាតិ(AIM) បានឡើងមានចំណាប់អារម្មណ៍ ដោយមានក្តីសោមនស្សរីករាយជាខ្លាំង និងសូមថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ដែលបានអនុញ្ញាតឲ្យមានការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង សម្រាប់ជាឧត្តមប្រយោជន៍ដល់មន្រ្តីជំនាញប្រឆាំងការជួញដូរមនុស្ស ព្រមទាំងក្រុមការងារហ្វតផងដែរ។
លោក ផល សុគន្ធី នាយកប្រចាំប្រទេស នៃអង្គការមេត្រីអន្តរជាតិ(AIM) ក៏បានកោតសរសើរ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជានាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដែលតែងតែផ្តល់កិច្ចសហការល្អជាមួយអង្គការមេត្រីអន្តរជាតិ(AIM) ដែលញាំងឲ្យមានកម្មវិធីបណ្តុះបណ្តាលជារៀងរហូតមក។

ដើម្បីឲ្យលទ្ធផលនៃការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឲ្យកាន់តែល្អប្រសើរបន្ថែមទៀត លោកនាយកប្រចាំប្រទេស នៃអង្គការមេត្រីអន្តរជាតិ(AIM) ក៏បានសំណូមពរចំនួន៣ចំណុច ៖
១-បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាង នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កម្មវិធីអេមហ្វតនិងអង្គការមេត្រីអន្តរជាតិ(AIM) កាន់តែប្រសើរបន្ថែមទៀត។
២-បន្តគាំទ្រនិងជួយជ្រោមជ្រែងដល់អង្គការមេត្រីអន្តរជាតិ(AIM) និងកម្មវិធីអេមហ្វតផងដែរ។
៣-សូមឲ្យមានការគាំទ្រអនុញ្ញាតិឲ្យមានវគ្គបណ្តុះបណ្តាលនេះបន្តទៀត។

ពីវេទិកាអធិបតីនេះដែរ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន មានកិត្តិយស និងក្តីសោមនស្សរីករាយ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់តាំងជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចូលរួមបិទវគ្គបណ្តុះបណ្តាល ស្តីពីយុទ្ធវិធីប្រតិបត្តិការនាពេលនេះ។
លោកប្រធាននាយកដ្ឋាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការមេត្រីអន្តរជាតិ ដែលតែងផ្តល់កិច្ចសហការជាមួយនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ទាំងលើការងារផ្តល់/ប្រមូលព័ត៌មាន គាំទ្រកិច្ចប្រតិបត្តិការបង្ក្រាប ជាពិសេសលើការងារពង្រឹងសមត្ថភាព ជាក់ស្តែងដូចជាពេលនេះ អង្គការមេត្រីអន្តរជាតិបានសហការជាមួយនាយកដ្ឋានក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការ ដល់សិក្ខាកាមចំនួន២០រូប។
លោកប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានគូសបញ្ជាក់បន្ថែមថា នៅឆ្នាំ២០២៤នេះ អង្គការមេត្រីអន្តរជាតិបានសហការជាមួយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចំនួន០៤វគ្គ ទាំងវគ្គនេះ ដោយមានសិក្ខាកាមចូលរួមសរុប៨០នាក់ ហើយខ្លួនលោកផ្ទាល់ក៏ធ្លាប់ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការនេះដែរ។
លោកបន្តថា នគរបាលប្រឆាំងការជួញដូរមនុស្សពិតជាត្រូវការជាចាំបាច់ណាស់ ក្នុងការហ្វឹកហាត់យុទ្ធវិធី ដើម្បីមានមូលដ្ឋានក្នុងការការពារខ្លួនផ្ទាល់ ក៏ដូចជាជួយសង្គ្រោះដល់ជនរងគ្រោះពីជនល្មើស ។ ប្រសិនបើនគរបាលមិនមានយុទ្ធវិធីការពារខ្លួនទេនោះ ពោលគឺពេលបង្ក្រាបបទល្មើស ប្រឈមមុខជាមួយជនល្មើស នោះអាចពិបាកក្នុងជួយសង្គ្រោះជនរងគ្រោះ។ ដូចនេះយើងពិតជាត្រូវការជាចាំបាច់នូវវគ្គបណ្តុះបណ្តាលនេះ។

ជាថ្មីម្តងទៀត លោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន
ស្នើឲ្យសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សូមយកចំណេះ ជំនាញបានមកពីការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូឧទ្ទេស យកមកបម្រើការងារជំនាញនៅនាយកដ្ឋានឲ្យចំគោលដៅ ពិសេសត្រូវគោរពវិន័យ ជាកងកម្លាំងប្រដាប់អាវុធ រក្សាសេចក្តីថ្លៃថ្នូរ ក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងនាមជាមន្រ្តីនគរបាលយុត្តិធម៌៕