បាត់ដំបង៖ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៣និង៤០នាទី នៅចំណុចភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីលួច (ខ្សែភ្លើង) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះឈ្មោះ សន ប៊ុនថា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមិនបាននៅផ្ទះ ។
ក្រោយពីទទួលបណ្តឹង ពីជនរងគ្រោះ កំលាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រាង នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ នៅថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ ឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យ៉ង កែម ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិថ្មីឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ មិនពិតប្រាកដ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង ។
ក្រោយពីបានសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា បានធ្វើសកម្មភាពជិះម៉ូតូឌុបទៅដល់ផ្លូវលំ ដោយឃើញផ្ទះពុំមានមនុស្សនៅ ខ្លួនក៏ចូលលួចកាត់ខ្សែភ្លើង នៅក្នុងផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន ។ វត្ថុតាងដកហូតបានរួមមាន៖
-លួសខ្សែភ្លើងទម្ងន់ ៦០០ក្រាម
-កន្ត្រៃចំនួន០១
-ឧបករណ៍ជក់ថ្នាំញៀនមួយចំនួន។
ករណីនេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកកំរៀង សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕