ខេត្តសៀមរាប ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានរៀបចំពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ ប្រតិភូអមដំណើរ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងប្រធានសាលាដំបូងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អង្គភាពនគរបាលទេសចរណ៍ ប្រធានពន្ធនាគារខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត អង្គភាពនគរបាលការពារបេតិកភណ្ឌ នាយកសាលានគរបាលជាតិភូមិភាគទី៤ កងរាជអាវុធហត្ថខេត្ត មន្ទីសាធារណការ និងដឹកជញ្ជូនខេត្ត លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍ការពារទាំង៦ នៃការិយាល័យនគរបាលការពារបេតិកភណ្ឌផងដែរ ។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានមតិស្វាគមន៍ និងរាយការណ៍ជូន ឯកឧត្តមគណៈអធិបតី និងអង្គពិធីទាំងមូល អំពីសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ (ពាក់ព័ន្ធនឹងបទល្មើសមានការថយចុះ ហើយយើងធ្វើការបង្ក្រាបបាន១០០%) និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍លើកសរសើរដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរនាពេលកន្លងមក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានពិនិត្យវាយតំលៃចំពោះលទ្ធផលកិច្ចប្រតិបត្តិការ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងផ្តល់អនុសាសន៍ណែនាំបន្ថែមទៀត ក្នុងកិច្ចការងារពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ បទល្មើសបច្ចេកវិទ្យា សកម្មភាពក្មេងទំនើង បទល្មើសល្បែងស៊ីសង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងកិច្ចការងារសំខាន់ជាច្រើនទៀត។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក៏បានប្រគល់លិខិតសរសើរ ជូនដល់មន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបផងដែរ ៕