រាជធានីភ្នំពេញ ៖ កងកម្លាំងសហប្រតិបតិ្តការចំនួន៤០នាក់ បានដាក់គោលដៅចុះអនុវត្តការងារច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអនុវត្តយ៉ាងតឹងរ៉ឹងបំផុតទៅលើអ្នកបើកបរយានយន្តដែលមានជាតិស្រវឹងនៅលើដងផ្លូវ។ ជាក់ស្តែងកងកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌបឹងកេងកង បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាតិស្រវឹង និងគ្រឿងញៀននៅលើបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ទល់មុខវិទ្យាស្ថានវ៉ាន់ដា នៅវេលាម៉ោង២៣ និង០០នាទីយប់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេង បានឲ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាតិស្រវឹង និងគ្រឿងញៀន នៅវេលាម៉ោង២៣ និង០០នាទីយប់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់វេលាម៉ោង០២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅលើបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
របាយការណ៍ដដែលនេះបន្តថា ៖ សហប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សរ សំណាង និងលោកឧត្តមសេនីយ៍ត្រី ស ថេន ជាស្នងការរងទទួលការងារខណ្ឌបឹងកេងកង និងលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត ជាអធិការនគរបាលខណ្ឌបឹងកេងកង ដែលមានកម្លាំងចូលរួមចំនួន ៤០នាក់ ក្នុងនោះកម្លាំង នៃអធិដ្ឋានខណ្ឌបឹងកេងកងចំនួន ២០នាក់។
របាយការណ៍បង្ហាញថា ៖ លទ្ធផលនៃកិច្ចសហប្រតិបត្តិការបានត្រួតពិនិត្យលើយានយន្តឆ្លងកាត់គោលដៅមានចំនួនសរុប ១៧៩គ្រឿង ក្នុងនោះរកឃើញអ្នកបើកបររថយន្តល្មើសច្បាប់សរុបចំនួន ២៣គ្រឿង និងបានអប់រំចំពោះអ្នកបើកបរមានជាតិស្រវឹងក្រោម០.២៥mg/L ចំនួន ១១នាក់ និងអប់រំអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន ១៩នាក់ ផងដែរ។
របាយការណ៍ដដែលក៏បានបញ្ជាក់ឲ្យដឹងថា ៖ យានយន្តចំនួន ១២គ្រឿង ត្រូវបានផាកពិន័យ ក្នុងនោះមានរថយន្តចំនួន ០២គ្រឿង និងម៉ូតូចំនួន ១០គ្រឿង ចំណែកយានយន្តដែលបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង មានចំនួន ១១គ្រឿង (ម៉ូតូ២គ្រឿង និងរថយន្ត០៩គ្រឿង) ដើម្បីតម្រូវឲ្យម្ចាស់យានយន្តទាំងនោះចូលខ្លួនបង់ផាកពិន័យតាមច្បាប់។
ឆ្លៀតក្នុងឱកាសនេះ លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវន្ត អធិការខណ្ឌបឹងកេងកង ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចដែលចុះអនុវត្តច្បាប់ចរាចរណ៍ នៅតាមគោលដៅប្រយោជន៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ៕