បន្ទាយមានជ័យ ៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងបែបនេះពេលផ្តល់ធាតុចូលក្នុងសិក្ខាសាលាផ្សព្វផ្សាយដើម្បីលើកកម្ពស់ចំណេះដឹងស្តីពីការអប់រំ បង្ការ ទប់ស្កាត់គ្រឿងញៀនដល់ភាគីពាក់ព័ន្ធក្នុងសហគមន៍នៅខេត្តជាប់ព្រំដែនកម្ពុជា ថៃ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធទូទាំងស្រុកម៉ាឡៃ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបញ្ជាក់ថា ៖ ដើម្បីសម្រេចបាននូវការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាការចូលរួមអនុវត្តនៅគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ធ្វើឱ្យគ្មានបទល្មើសគ្រឿងញៀនខុសច្បាប់ ភូមិ ឃុំ ត្រូវរៀបចំចងក្រងឱ្យមានក្រុមការងារ និងក្រុមជនបង្គោលក្នុងភូមិ (សម្រាប់ធ្វើការងារ និងដោះស្រាយបញ្ហា) ដោយមានសមាសភាពតំណាងគ្រួសារល្អ ចាស់ព្រឹទ្ធាចារ្យក្នុងភូមិ អាចារ្យ តំណាងយុវជន ឬយុវជនឆ្នើម លោកគ្រូ អ្នកគ្រូ ប្រជាការពារ និងអ្នកមានសក្តានុពលផ្សេងៗទៀត ដើម្បីចូលរួមធ្វើការងារ កំណត់យកទីតាំងសម្រាប់ការជួបប្រជុំនិងជាទីប្រចាំការ ដើម្បីជួយអន្តរាគមន៍ចំពោះបញ្ហាដែលកើតមានក្នុងភូមិ មានកម្មវិធីប្រជុំជាទៀងទាត់ ហើយមានរបាយការណ៍ជូនឃុំ សង្កាត់ ធ្វើជំរឿនប្រជាជនក្នុងភូមិឱ្យបានច្បាស់លាស់ត្រឹមត្រូវតាមការណែនាំរបស់មន្ត្រីជំនាញ អាចរៀបចំបង្កើតមូលនិធិភូមិ ឬបំផុសចលនាឱ្យមានការគាំទ្រ សម្រាប់ជាមុខរបរឬ ការងារដល់ក្រុមគ្រួសារឬជនទីទាល់ក្រក្នុងភូមិ (តាមស្ថានភាពនិងលទ្ធភាពជាក់ស្តែងនៃភូមិនីមួយៗ) និងធ្វើការផ្សព្វផ្សាយអប់រំ ឱ្យយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបន្តថា ៖ មេភូមិ មេឃុំ ពិតជាមានតួនាទីសំខាន់ណាស់ក្នុងការផ្សព្វផ្សាយ អប់រំ ផ្ដល់ព័ត៌មានពីបញ្ហាគ្រឿងញៀនដោយផ្ទាល់ទៅដល់ប្រជាពលរដ្ឋដែលជាកូនក្រុមរបស់ខ្លួនហើយការបង្កើតយន្តការផ្សព្វផ្សាយអប់រំច្បាស់លាស់នៅថ្នាក់ភូមិ ឃុំ នឹងជួយឲ្យការអនុវត្តភារកិច្ចនៅមូលដ្ឋានឆាប់ទទួលបានប្រសិទ្ធភាព៕