General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារចូលរួមអបអរសាទររាជរដ្ឋាភិបាល និងប្រជាជាតិកម្ពុជាដែល «ក្រមាខ្មែរ» ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

Loading

រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសម្តែងការអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជាតិកម្ពុជា ចំពោះការសម្រេចបានសមិទ្ធផល ដែលជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា នោះគឺ ក្រមាខ្មែរ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូល «ក្រមាខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

សូមសម្តែងនូវមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅចូលរួមអបអរសាទរប្រកបដោយក្តីរំភើបរីករាយក្នុងចិត្តឥតឧបមា និងមានមោទកភាពជាតិ ខ្ពស់បំផុតជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងឱកាសដែល «ក្រមា» ត្រូវបានគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តយល់ព្រមចុះក្នុងបញ្ជីតំណាង បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ តាមរយៈសេចក្តីសម្រេចលេខ 19.COM7.b.27 នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) កន្លងទៅនេះ ដែលព្រឹត្តិការណ៍នេះក្លាយជា ព្រឹត្តិកាណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ថ្មីមួយទៀតរបស់កម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។

ការដាក់បញ្ចូល «ក្រមា» ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ យូណេស្កូនេះ គឺជាជោគជ័យដ៏ធំធេងថ្មីមួយទៀត សម្រាប់បេសកកម្មជាប្រវត្តិសាស្ត្រក្នុងការអភិរក្សនិងថែរក្សា ការពារនូវមរតកសម្បត្តិវប្បធម៌អរូបី ដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរ សម្រាប់ជាសម្បត្តិមនុស្សជាតិ ទាំងមូល និងជាការលើកកម្ពស់នូវដួងព្រលឹង នៃវប្បធម៌ដ៏ល្អផូរផង់ប្រកបដោយមោទកភាពជាតិ និងល្បីល្បាញ សុសសាយនៅលើឆាកអន្តរជាតិ។

ការទទួលបានសមិទ្ធផលដ៏ត្រចះត្រចង់ថ្លៃថ្លានេះ មិនត្រឹមកើតចេញពី ការខិតខំប្រឹងប្រែងប្រកបដោយទំនួលខុសត្រូវខ្ពស់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការប៉ុណ្ណោះទេ តែជាការបង្ហាញឱ្យឃើញ ពីស្នាដៃឆ្នើមរួមគ្នាប្រសូតចេញពី ទឹកដៃដ៏ប៉ិនប្រសប់របស់ប្រជាសិប្បករក្រមា ក៏ដូចជាសហគមន៍ក្រមា សមាគមក្រមា ដែលបានខិតខំតស៊ូ ដោយសេចក្តីអំណត់ ព្យាយាមមោះមុត និងស្មារតីសាមគ្គី រហូតសម្រេចបាននូវលទ្ធផលជាស្ថាពរជូនជាតិ មាតុភូមិកម្ពុជានាពេលនេះ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ សូមសម្តែងនូវអំណរ ព្រះមហាករុណាទិគុណដ៏ស្មោះស្ម័គ្របំផុត ថ្វាយដល់ដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និង ដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ព្រមទាំងដួងព្រលឹងបុព្វបុរសខ្មែរ ដែលបានកសាង បន្សល់ទុក និងថែរក្សាការពារនូវសម្បត្តិវប្បធម៌ដ៏ល្អឯក និងជាអត្តសញ្ញាណជាតិជូនដល់ កូនចៅជំនាន់ក្រោយគ្រប់ៗជំនាន់៕