General Commissariat of National Police
.

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងខេត្តបន្ទាយមានជ័យរួមគ្នាលើកកម្ពស់ការងារផ្សព្វផ្សាយអប់រំដល់មន្ត្រីមូលដ្ឋាន

Loading

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមជំនួយឧបត្ថម្ភពីក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យបានរួមគ្នាបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយដើម្បីលើកកម្ពស់ចំណេះដឹងស្តីពីការអប់រំ បង្ការ ទប់ស្កាត់គ្រឿងញៀនដល់ភាគីពាក់ព័ន្ធក្នុងសហគមន៍នៅខេត្តជាប់ព្រំដែនកម្ពុជា ថៃ  ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធទូទាំងស្រុកម៉ាឡៃ ។

ឯកឧត្តម លី សុវណ្ណារិទ្ធ បានស្វាគមន៍ និងបានថ្លែងអំណរគុណដល់គ្រប់ភាគីទាំងអស់ដែលបានចូលរួមចំណែកលើកកម្ពស់សមត្ថភាពមន្ត្រីលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសលើការងារផ្សព្វផ្សាយអប់រំ។

លោក ស៊ូប៉ាផាត់ ហ៊ីបឱសថ អគ្គទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀន បានថ្លែងអំណរគុណដល់កម្ពុជាហើយថៃនឹងបន្តគាំទ្រដល់លើក​កម្ពស់​ចំណេះដឹងដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងសហគមន៍ក៏ដូចជាទប់ស្កាត់គ្រឿងញៀនឆ្លងកាត់ព្រំដែន។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វីរិទ្ធអគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងដោយពាំនាំនូវការកោតសរសើរ និងថ្លៃងអំណរគុណ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់គ្រប់ភាគីទាំងអស់ពិសេសភាគីថៃដែលបានគាំទ្រដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើគ្រប់វិស័យពិសេសការងារផ្សព្វផ្សាយអប់រំដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនទាំងក្នុងសហគមន៍និងឆ្លងកាត់ព្រំដែន។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានថ្លែងបន្តថាបញ្ហាគ្រឿងញៀននៅជាបញ្ហាដែលស្មុគស្មាញហើយគ្មានសញ្ញាថមថយទេ ដូចនេះគ្រប់សមាសភាពទាំងអស់ត្រូវតែរួមគ្នាលើកកម្ពស់សមត្ថភាពដើម្បីបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋាននិងសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មេឃុំ មេភូមិ ដែលជាបុគ្គលសំខាន់បំផុសឲ្យប្រជាពលរដ្ឋចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមគ្រប់រូបភាពពិសេសការប្រើប្រាស់ App NoDrug ទើបទទួលបានជោគជ័យ។*គ្រប់ករណីគ្រឿងញៀនទាំងអស់អាចសម្រេចទៅបានទាល់តែមានការចូលរួមសហការពីប្រជាពលរដ្ឋនៅមូលដ្ឋាន * ។

សូមបញ្ជាក់ថាសិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៤ ៕