ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបើកអង្គសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
ពិធីបើកសន្និបាតបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង លោកស្រីអនុប្រធានផែនការងារ លោក-លោកស្រីនាយ នាយរងការិយាល័យគ្រប់ជំនាញទាំងអស់ លោកអធិការ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង៧១ ដែលបានចូលរួមសរុប ចំនួន ១៥៩នាក់។
ជាកិច្ចចាប់ផ្តើមបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអានសន្ទរកថាស្វាគមន៍ជូនអង្គពិធីទាំងមូល និងបានអនុញ្ញាតិឱ្យ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងទទួលផែនការងារសេនាធិការ ឡើងអានរបាយការណ៍សង្ខេបស្តីពី កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ឆ្នាំ២០២៤ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។ ទន្ទឹមគ្នានោះផងដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានអនុញ្ញាតិឱ្យលោកស្នងការរងទទួលជំនាញ លោក លោកស្រីនាយ នាយរងការិយាល័យជំនាញ លោកអធិការនគរបាលក្រុង ស្រុក និងលោកនាយប៉ុស្តិ៍ទាំងអស់ឡើងធ្វើបទបង្ហាញពីបទពិសោធន៍មួយចំនួន ដែលនាំឱ្យការងារជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួន ទទួលបានជ័យលាភី(លេខ១) មកធ្វើបទបង្ហាញដើម្បីផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមក យកទៅអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ អំពីសកម្មភាព ការងារដែលសម្រេចបានក្នុង ឆ្នាំ២០២៤ មកនេះ។
មុននិងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ និងមានការកោតសរសើរដល់មន្រ្តីនគរបាលទាំងអស់ ដែលបានខិតខំអនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរ និងសូមអោយមន្រ្តីនគរបាលទាំងអស់ ខិតខំយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានដោយផ្អែកលើគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។