កំពង់ស្ពឺ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការនគរបាលខេត្តកំពង់ស្ពឺ មានកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការធ្វើបច្ចុប្បន្នភាពប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផុតសុពលភាពសម្រាប់ឆ្នាំ២០២៥ និងផ្សព្វផ្សាយឯកសារពាក់ព័ន្ធមួយចំនួនលេីការផ្ដល់សេវាជូនពលរដ្ឋអោយបានឆាប់រហ័ស។
កិច្ចប្រជុំស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ឯក អូន សាវ៉េត ស្នងការរងទទួលផែនការងារ អត្ដសញ្ញាណកម្ម លោកស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យ លោកនាយ នាយរងការិយាល័យ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លោក លោកស្រី អធិការរងក្រុង/ស្រុក ទាំង០៩ និងលោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល ទទួលការងារអត្តសញ្ញាណប័ណ្ណ ទាំង៨៨ ប៉ុស្តិ៍។
កន្លងមក អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានធ្វេីការណែនាំដល់ ជំនាញអត្ដសញ្ញាណកម្មនៅទូទាំងរាជធានី ខេត្ត ពិសេសដល់ប៉ុស្ដិ៍រដ្ឋបាលលេីការងារចាំបាច់មួយចំនួនពាក់ព័ន្ធការផ្ដល់អត្ដសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរនិងការផ្ដល់ទុតិយតា “សេចក្តីចម្លងលិខិតលើកទីពីរ”។ ការកែតំរូវ ការផ្ដល់អត្ដសញ្ញាណប័ណ្ណមកវិញនូវព័ត៌មានត្រឹមត្រូវដោយស្របតាមបញ្ញាតិ្ដដែលមានចែងនិងកំណត់ដោយផ្លូវច្បាប់ ទោះបីជាការងារនេះមានការអនុវត្ដនិងការណែនាំជាច្រេីនលេីកច្រេីនសារ ប៉ុន្ដែអ្វីដែលជាការចាំបាច់របស់ពលរដ្ឋគឺចង់បានសេវាឆាប់រហ័សនិងលឿន ។
សំណូមពរផងដែរសូមបងប្អូនមេត្ដារក្សាទុកដាក់ឯកសារអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអោយបានល្អព្រោះជាឯកសារចាំបាច់បំផុតនិងមិនអាចយកដាក់ធានាបញ្ចាំបំណុលបានឡេីយ៕