សៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញជាអធិបតីភាព ពិធីបើកសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍ការពារទាំង៦ នៃការិយាល័យនគរបាលការពារបេតិកភណ្ឌផងដែរ ។
ក្នុងកិច្ចសន្និបាតនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍លើកសរសើរដល់កងកម្លាំងទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ចការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នាពេលកន្លងមកបានយ៉ាងល្អប្រសើរ។ បន្ថែមលើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានមានប្រសាសន៍ណែនាំបន្ថែមទៀត ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ បង្កើនសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចការងារជំនាញ រក្សាសន្តិសុខ និងអនុវត្តឱ្យបានរាល់កិច្ចការងារ ដែលថ្នាក់ដឹកនាំប្រគល់ជូន និងជាពិសេសផងដែលការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវអនុវត្តឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាព ។ ក្នុងនោះផងដែលក៏មានការធ្វើបទអន្តរាគមន៍ តាមបណ្តាផែនជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ដែលពាក់ព័ន្ធ អំពីលទ្ធផលការងារ ដែលសម្រេចបាន និងដឹងពីបញ្ហាប្រឈមនៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ការងារ កំណត់ជាទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៥ ឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ។
ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានរៀបចំអាហារសាមគ្គីជូនដល់សមាជិកនៃអង្គប្រជុំទាំងមូលផងដែរ និងជូនពរដល់កងកម្លាំងទាំងអស់ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕