ខេត្តតាកែវ៖ នារសៀលថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមានរៀបចំពិធី «បិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៥ និងប្រគល់ប័ណ្ណសរសើរជូនដល់មន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ»។
ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ស៊ុត ខុន អភិបាលរងខេត្តតំណាងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត។ ដោយមានការអញ្ជើញចូលរួមពី: លោកឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូអមដំណើរ តំណាងជំទាវប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានពន្ធនាគារខេត្ត លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការ បញ្ជាការរងទទួលផែនការងារសេនាធិការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខៈ៦០៣ លោកអធិការ អធិការរង ទទួលផែនការងារ សេនាធិការ សន្តិសុខ សណ្តាប់ធ្នាប់ គ្រឿងញៀន ព្រហ្មទណ្ឌគ្រប់ក្រុង ស្រុក លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍ការពារព្រំដែនទាំង១១ប៉ុស្តិ៍ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង១០០ប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ឡើងអានរបាយការណ៍ស្វាគមន៍ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងវឌ្ឍនភាពរបស់ស្នងការដ្ឋាននគរបាលខេត្តទាំងមូលជូនអង្គពិធីជ្រាប។ ជាការឆ្លើយតបឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្នុងនាមអគ្គស្នងការរងផ្ទាល់ សូមកោតសរសើរដល់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ដែលខិតខំយកអស់កម្លាំងកាយចិត្តក្នុងការបញ្ជាដឹកនាំកងកម្លាំងនគរបាលខេត្ត ដើម្បីថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមយ៉ាងល្អប្រសើរពេលកន្លងមក។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងលោកអភិបាលរងខេត្ត បានណែនាំបន្ថែម និងផ្តល់អនុសាសន៍លើកឡើងថាៈ ទាក់ទងការងារភូមិឃុំ សង្កាត់ មានសុវត្ថិភាព ស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជា អធិការដ្ឋាននគរបាលគ្រប់ក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់មានតួនាទីយ៉ាងសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ យកចិត្តទុកដាក់អំពីភូមិឃុំ សង្កាត់ មានសុវត្ថិភាព ដូច្នេះស្នើឲ្យលោកអធិការ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្ត ត្រូវតែយកចិត្តទុកដាក់អនុវត្តកិច្ចការនេះឲ្យមានប្រសិទ្ធិភាព។ ជាចុងក្រោយឯកឧត្តម គណៈអធិបតី ផ្តល់កិត្តិយសប្រគល់ប័ណ្ណសរសើរដល់អស់លោក លោកស្រី តាមបណ្តាអង្គភាពមានស្នាដៃល្អផងដែរ៕