មណ្ឌលគិរី ៖ នារសៀល ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេននីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រត្តិបត្តិការសឹករងខេត្ត លោកមេបញ្ជការរងកងរាជអាវុធហត្ថខេត្ត លោក-លោកស្រីស្នងការរង លោកមេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោកទាំង២ លោក-លោកស្រីនាយ-នាយរងការិយាល័យគ្រប់ជំនាញទាំងអស់ លោកអធិការ-អធិការរងទទួលការងារសេនាធិការ អធិការរងទទួលការងារព្រហ្មទណ្ឌ អធិការរងទទួលការងារសន្តិសុខ អធិការរងទទួលការងារអត្តសញ្ញាណកម្មនៃអធិការដ្ឋាននគរបាលក្រុង/ស្រុក ទាំង៥ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគី ទាំង៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ទាំង២១ សរុប១៦៤នាក់។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានឡើងអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលបូកសរុបសភាពការណ៍ និងលទ្ធផលការងារកិច្ចប្រត្តិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ និងបានរាយការណ៍ពីលក្ខណ:ភូមិសាស្រ្តក្នុងខេត្តមណ្ឌលគិរី និងការងារសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងខេត្ត ជូនគណៈអធិបតី។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ថេង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអបអរសាទរ និងវាយតំលៃខ្ពស់ក្នុងកិច្ចខិតខំយកចិត្តទុកដាក់របស់កម្លាំងនគរបាលជាតិ ក្នុងការក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត មានការកោតសរសើរដល់កម្លាំងនគរបាលខេត្តមណ្ឌលគិរី ដែលបានយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងខេត្តមណ្ឌលគិរី បានល្អប្រសើរក្រោមការចង្អុលបង្ហាញដឹកនាំរបស់គណៈបញ្ជាការឯកភាព ក៏ដូចជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស្នងការក្នុងការកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ជាក់ស្តែងក្នុងឱកាសនៃពិធីបុណ្យអុំទូកអកអំបុកបណ្តែតប្រទីបនិងសំពះព្រះខែ មានរយះពេល ៣ថ្ងៃកន្លងមកខេត្តមណ្ឌលគិរី បានរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវជាតិនិងអន្តរជាតិ ដែលបានមកកំសាន្តក្នុងទឹកដីនៃខេត្តមណ្ឌលគិរី ដោយរក្សាបានល្អដោយពុំមានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងក្នុងទូទាំងខេត្តមណ្ឌលគិរីឡើយ មិនតែប៉ុណ្ណោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញទៅដល់ការិយាល័យជំនាញអត្តសញ្ញាណប័ណ្ណ ត្រូវខិតខំជុំរុញការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋអោយបានប្រើប្រាស់គ្រប់ៗគ្នា និងខិតខំជុំរុញនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ទៅដល់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋានឱ្យបានយល់ដឹងបន្ថែមទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគបាលជាតិ បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើ និងសួសុខទុកដល់កម្លាំងនគរបាលទាំងអស់ក្នុងខេត្តមណ្ឌលគិរី ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការផ្តាំផ្ញើសួរសុខទុកពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ ដល់កងកម្លាំងនគរបាលខេត្តមណ្ឌលគិរី។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើដល់មន្រ្តីនគរបាលនៅតាមបណ្តាការិយាល័យជំនាញនិមួយៗ ត្រូវខិតខំយកចិត្តទុកដាក់លើការងារសន្តិសុខ ការងារព្រហ្មទណ្ឌ ,ការងារសណ្តាប់ធ្នាប់ ,ការងារគ្រប់គ្រង់ជនអន្តោរប្រវេសន៍ និងការងាររក្សា សន្តិសុខ សណ្តាប់ធ្នាប់ នៅតាមខ្សែបន្ទាត់ព្រំដែន មិនតែប៉ុណ្ណោះ ឯកឧត្តមបានមានប្រសាសន៍ជុំរុញបន្ថែមចំពោះការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពផងដែរ៕