General Commissariat of National Police
.

អគ្គស្នងការដ្ឋាននគរបាលជាតិ បើកវគ្គបណ្តុះបណ្តាលមុខជំនាញ ស្តីពីការផ្តិតស្នាមម្រាមដៃថ្នាក់មូលដ្ឋាន

Loading

រាជធានីភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តោ ប៉ូ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ និងលោកស្រី Amy L. Shuman អនុព័ន្ធច្បាប់ ការិយាល័យស៊ើបអង្កេតសហព័ន្ធ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមុខជំនាញ ស្តីពីការផ្តិតស្នាមម្រាមដៃថ្នាក់មូលដ្ឋាន នៅនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម សុវណ្ណា អនុប្រធានសេនាធិការ , លោកឧត្តមសេនីយ៍អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ មន្ត្រីជំនាញពាក់ព័ន្ធ និងសិក្ខាកាមជាច្រើនរូបទៀតផងដែរ ។

ក្នុងឱកាសនោះ លោកស្រី Amy L. Shuman អនុព័ន្ធច្បាប់ ការិយាល័យស៊ើបអង្កេតសហព័ន្ធ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំរាជធានីភ្នំពេញ បានមានប្រសាសន៍កោតសរសើរដល់កម្លាំងនគរបាលជាតិកម្ពុជា ដែលជាច្រើនឆ្នាំមកនគរបាលជាតិកម្ពុជា និងអង្គភាព FBI បានធ្វើការរួមគ្នាយ៉ាងសស្រាក់សស្រាំ ស្និតស្នាល សម្របសម្រួល និងបន្ត ទំនាក់ទំនងយ៉ាងល្អ ក្នុងការផ្លាស់ប្ដូព័ត៌មាន បទពិសោធន៍កំណត់សកម្មភាពរបស់ឧក្រិដ្ឋជន ប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសនានា។

លោកស្រី Amy L. Shuman ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ជាពិសេសមន្ត្រីជំនាញ ដែលបានរួមគ្នាបើកវគ្គបណ្ដុះបណ្ដាលនេះឡើងតាមការគ្រោងទុក ដែលនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះមន្ត្រីបន្តវេន។ លោកស្រី ក៏មានមោទនភាពបំផុតចំពោះសិក្ខាកាមដែលមានការតាំងចិត្តចូលរួមក្នុងវគ្គបណ្ដាលនេះ ដើម្បីសិក្សាលើជំនាញថ្មីរបស់ខ្លួន និងស្នើអោយសិក្ខាកាមទាំងអស់ មានការយកចិត្តទុកដាក់ចំពោះសិក្សា ត្រងត្រាប់ស្ដាប់គ្រូបង្គោល ដើម្បីទុកជាបទពិសោធន៍ ចំណេះដឹងយកទៅអនុវត្ត លើការងារជំនាញរបស់ខ្លួន។

ជំនួសមុខឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក តោ ប៉ូ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ មានចិត្តរំភើបរីករាយ ដែលបានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលជំនាញនាពេលនេះ និងសូមថ្លែងអំណរគុណជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតឲ្យមានការរៀបចំវគ្គបណ្តុះបណ្តាលនេះ តាមគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំ នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យសាស្ត្រ ក្រោមកិច្ចសហការជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី ឧបករណ៍សម្ភារៈ របស់អនុព័ន្ធច្បាប់ ការិយាល័យស៊ើបអង្កេត សហព័ន្ធ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំរាជធានីភ្នំពេញ និងអង្គភាព CJIS (FBI) ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ការអប់រំ និងការបណ្តុះបណ្តាលមុខជំនាញនាពេលបច្ចុប្បន្ននេះ គឺជាកត្តាសំខាន់មួយដែលអាចជួយឲ្យប្រទេសរបស់យើងមានការអភិវឌ្ឍន៍គ្រប់វិស័យ ជាពិសេសស្នាមម្រាមដៃក៏ជាមុខជំនាញដែលមានទំនាក់ទំនងទៅនឹងការប្រយុទ្ធប្រឆាំងសកម្មភាពបទល្មើសតាមរយៈបច្ចេកទេសស៊ើបអង្កេត និងតាមរយៈការប្រើប្រាស់វិធីសាស្ត្រ ព្រមទាំងបច្ចេកវិទ្យាដែលមានលក្ខណៈវិទ្យាសាស្ត្រ ដូចជាការកំណត់អត្តសញ្ញាណរបស់បុគ្គល រួមមាន ៖

-ការប្រៀបធៀបស្នាមម្រាមដៃរបស់បុគ្គលទាំងឡាយណាដែលមានដីកាចាប់ខ្លួនតាមច្បាប់ អនុញ្ញាតត្រឹមត្រូវពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ។

-ការប្រៀបធៀបស្នាមម្រាមដៃអាថ៌កំបាំង ដែលទទួលបានមកពីទីកន្លែងប្រព្រឹត្តបទល្មើសផ្សេងៗគ្នា ។

-ការប្រៀបធៀបស្នាមម្រាមដៃរបស់បុគ្គលជាប់ឃុំឃាំងក្រោមការសង្ស័យបានប្រព្រឹត្តបទល្មើសច្រើនលើក។

-ការចែករំលែកព័ត៌មានទៅវិញទៅមក ស្តីពីស្នាមម្រាមដៃអាថ៌កំបាំងដែលទទួលបានមកពីទីកន្លែងប្រព្រឹត្តបទល្មើសកម្រិតធ្ងន់ផ្សេងៗ និងអត្តសញ្ញាណស្នាមម្រាមដៃរបស់ឧក្រិដ្ឋជនដែលបានប្រព្រឹត្តបទល្មើសឆ្លងដែន ភេរវកម្ម ឬប្រព្រឹត្តបទល្មើសកម្រិតធ្ងន់…..។ល។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តោ ប៉ូ បានបន្ថែមថា គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ គឺបង្កើនសមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់សិក្ខាកាម ដែលជានគរបាលឲ្យមានជំនាញក្នុងការប្រើប្រាស់បច្ចេកទេសស្តីពីការផ្តិតស្នាមម្រាមដៃដើម្បីបង្កើតនូវវីធីសាស្ត្ររកឃើញ ប្រមែមូល ការវិភាគ ការវាយតម្លៃ ការប្រៀបធៀប និងការប្រើប្រាស់ឯកសារ និងការកំណត់មធ្យោបាយបច្ចេកទេសសំរាប់ការកំណត់ជាស្តង់ដាឲ្យបានត្រឹមត្រូវ។ ការបណ្តុះបណ្តាលនេះ ក៏បង្ហាញផងដែរក្នុងការកំណត់ ការពិចារណា ថាតើការប្រើប្រាស់ស្នាមម្រាមដៃនឹងចូលរួមជួយដល់ការអភិវឌ្ឍន៍ជាតិ និងបង្ការទប់ស្កាត់បទល្មើសយ៉ាងដូចម្តេចនាពេលខាងមុខ។ ថ្វីត្បិតតែ វគ្គបណ្តុះបណ្តាលនេះ គឺមានរយៈពេលខ្លីក៏ពិតមែនតែវាអាចជួយដល់ការងារយើងច្រើន ដែលជាមន្ត្រីនគរបាលមានតួនាទីជាអ្នកអនុវត្តច្បាប់ និងជាអ្នកផ្តល់ បង្ហាញភស្តុតាងនៅចំពោះមុខតុលាការ។ ដូចនេះ សូមឲ្យសិក្ខាកាមយើងទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ស្វែងយល់អំពីមុខជំនាញទាំងឡាយ ដែលលោកគ្រូបង្រៀន បានចែករំលែកបទពិសោធន៍ និងត្រូវចេះឆ្ងល់ ចេះសួរ ដែលមិនយល់ មិនចេះ និងអ្វីជាភាពងាយស្រួល ជាភាពលំបាក និងបញ្ហាប្រឈមនៅក្នុងរឿងក្តីនីមួយៗ ដើម្បីទុកធ្វើជាការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញ ទៅមក។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលជំនាញនេះ មានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ដែលមានសិក្ខកាមចូលរួមចំនួន ៣០នាក់ (ស្រី០២នាក់) មកពីនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ និងតាមបណ្ដាលរាជធានី-ខេត្ត ៕