ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីប្រគល់-ទទួលសម្ភារៈបច្ចេកទេសក្នុងគម្រោងការងារកាត់បន្ថយអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ ដែលឧបត្ថម្ភដោយអង្គការ UNODC ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៥ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន ៧ ដែលស្ថិតនៅតំបន់ខេត្តជាប់ព្រំដែន និងតំបន់ទេសចរណ៍ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប។ ដោយក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលមួយទទួលបាន៖ កុំព្យូទ័រយួរដៃ ចំនួន ១គ្រឿង កុំព្យូទ័រលើតុ ចំនួន ១គ្រឿង និងម៉ាស៊ីនព្រីនធ័រ ចំនួន ១គ្រឿង ក្រោមកិច្ចសហការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក តាមរយៈជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអាល្លឺម៉ង់។
ពិធីនេះ មានការអញ្ជើញចូលរួមពី អ្នកនាង Suchaya Mokkhasen មន្ត្រីកម្មវិធីថ្នាក់ជាតិ អង្គការ UNODC ប្រចាំប្រទេសថៃ លោកស្នងការ លោកស្រីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តទាំង ០៧ ព្រមទាំងមានការសម្របសម្រួលរៀបចំដោយការិយាល័យអង្គការ UNODC ប្រចាំប្រទេសកម្ពុជា ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការិយាល័យ UNODC ROSEAP សម្រាប់ការគាំទ្រ និងការប្តេជ្ញាចិត្តឥតងាករេ ក្នុងការកាត់បន្ថយអំពើហិង្សាផ្អែកលើយេនឌ័រ និងការលើកកម្ពស់សមភាពយេនឌ័រ មិនត្រឹមតែជាការលើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែមានសារៈសំខាន់ក្នុងការបង្កើតបរិយាកាស សុវត្ថិភាព និងសន្តិសុខសម្រាប់ទាំងអស់គ្នា៕