រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានបន្តការងារចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាតិស្រវឹង និងគ្រឿងញៀន នៅវេលាម៉ោង២៣ និង០០នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់វេលាម៉ោង០២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា និងលោកឧត្តមសេនីយ៍ត្រី ហ៊ុន សុជាតិ ជាស្នងការរង និងលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ដែលមានកម្លាំងចូលរួមសរុប ២០នាក់ ក្នុងនោះកម្លាំងអធិការដ្ឋានចំនួន ១៣នាក់ និងកម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញ ០៧នាក់។
យោងតាមរបាយការណ៍នគរបាលខណ្ឌកំបូល បានឲ្យដឹងថា ៖ លទ្ធផល នៃកិច្ចសហប្រតិបត្តិការមានយានយន្តឆ្លងកាត់សរុបចំនួន ៦០គ្រឿង បានឃាត់យានយន្តល្មើសចំនួន ០៥គ្រឿង (រថយន្តចំនួន ០៣គ្រឿង និងម៉ូតូចំនួន ០២គ្រឿង) និងល្មើសជាតិស្រវឹងចំនួន ០១គ្រឿង កម្រិតពី០.២៥ mg/L ០.៣៩mg/L ចំនួន ០១គ្រឿង អ្នកបើកបរម៉ូតូ ០១នាក់ និងកម្រឹត០.៤០ mg/L ឡើងមានចំនួន ០៤នាក់ (អ្នកបើកបរម៉ូតូ ០១នាក់ និងអ្នកបើកបររថយន្តចំនួន ០៣នាក់)។
របាយការណ៍ដដែលបន្តថា រថយន្តចំនួន ៣គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីតម្រូវឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់។
ឆ្លៀតក្នុងឱកាសនេះ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការខណ្ឌកំបូល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ចដែលចុះអនុវត្តច្បាប់ចរាចរណ៍ នៅតាមគោលដៅ ប្រយោជន៍ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ៕