រាជធានីភំ្នពេញ ៖ ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច សុភា អនុប្រធាននាយកដ្ឋានកណ្តាលសណ្ដាប់ធ្នាប់សាធារណៈ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តខែធ្នូ ឆ្នាំ២០២៤ របស់នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធាននាយកដ្ឋានកណ្តាលសណ្ដាប់ធ្នាប់សាធារណៈ , លោក-លោកស្រីអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ ។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ស្តីពី លទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តខែធ្នូ ឆ្នាំ២០២៤ ដែលអានដោយលោកឧត្តមសេនីយ៍ទោ ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលបានខិតខំតស៊ូលះបង់ទាំងកម្លាំងកាយចិត្ត ដឹកនាំកម្លាំងនគរបាលនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានល្អប្រសើរ គ្មានបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ ពិសេសបានចូលរួមសម្រួលចរាចរណ៍ក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលទើបកន្លងទៅថ្មីៗនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ក៏បានដាក់ទិសដៅបន្តដល់ ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីទាំងអស់ ដូចជា ៖
១/. ត្រូវចុះពិនិត្យ ថែទាំមធ្យោបាយ ឧបករណ៍សម្ភាររបស់កងកម្លាំង ទាំងផ្លូវទឹក និងផ្លូវគោក ។
២/. រួមគ្នាសហការអនុវត្តភាកិច្ចជាមួយបណ្ដាអង្គភាពពាក់ព័ន្ធអោយបានល្អ ដែលថ្នាក់ដឹកនាំប្រគល់ជូន។
៣/. ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ទាំងម៉ោងរដ្ឋបាល និងពេលបំពេញបេសកកម្ម ។
៤/. ត្រូវបន្តពង្រឹងក្រមសីលធម៌ អាកប្បកិរិយាការស្លៀកពាក់អោយបានល្អពេលបំពេញភារកិច្ចជូនប្រជាពលរដ្ឋ ។
៥/. បន្តចែករំលែកបទពិសោធន៍ ចំណេះដឹង បើកវគ្គបំប៉នដល់កម្លាំងជំនាញនៅនាយកដ្ឋាននិងថ្នាក់ក្រោមជាតិ ដើម្បីបន្តផ្សព្វផ្សាយដល់ប្រជាប្រជាពលរដ្ឋ អំពីបញ្ហា និងចំណេះដឹងផ្នែកចរាចរណ៍ ។
៦/. អនុវត្តអោយបានល្អនូវតួនាទីភារកិច្ច ធ្វើជាសេនាធិការជូនដល់អគ្គស្នងការនគរបាលជាតិ និងមិនត្រូវល្មើសវិន័យកងកម្លាំងនគរបាលជាតិ៕