General Commissariat of National Police
.

ករណីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅខណ្ឌចំការមន

Loading

រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ​ មួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ដែលស្ថិតចំណុចផ្ទះលេខ១៥Eo ផ្លូវ១៧៦​ ភូមិ៤ សង្កាត់ទួលទំពូងទី២​ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​នគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ 

ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ 

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ បានបញ្ជាក់ថា​ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៧គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់០៥ឡាន ស្មើរនឹង២០ម៉ែត្រគូប​ និងរថយន្តជំនួយទីក្រុងកោះពេជ្រ ចំនួន០២គ្រឿង​ ប្រេីប្រាស់ទឹកអស់០២ឡាន​ ស្មេីរនឹង០៨ម៉ែត្រគូប។ 

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ​ថ្មបេតុង​ ទំហំ​ (៥ម៉ែត្រ​ x ១៦ម៉ែត្រ)​ ឆេះបន្ទប់ជាន់ទី១ ចំនួន ០១បន្ទប់ រួមមានម៉ាស៊ីនត្រជាក់ចំនួន ០១គ្រឿង, កុំព្យូទ័រចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង​ ១១និង២០នាទីព្រឹកថ្ងៃខែឆ្នាំដដែរ។ 

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ បន្តថា​ ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា​ គឺបណ្តាលឲ្យមកពីការ​ឆ្លងចរន្តអគ្គិសនី​បង្កជាអគ្គិភ័យ​ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះឡើយ៕