General Commissariat of National Police
.

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បន្តចុះអនុវត្តការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងគ្រឿងស្រវឹង

Loading

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានបន្តការងារចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹង គ្រឿងញៀន នៅវេលាម៉ោង២៣ និង០០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់វេលាម៉ោង០២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើបណ្តោយមហាវិថីម៉ៅសេទុង ទល់មុខម៉ុងឌីយ៉ាល់ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា និងលោកឧត្តមសេនីយ៍ត្រី ឈិន គឹមធុយ ជាស្នងការរង និងលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ ជាអធិការនគរបាលខណ្ឌទួល គោក និងមានការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរងខណ្ឌទួលគោក ដែលមានកម្លាំងសរុបចូលរួមសរុប៧០នាក់ ក្នុងនោះកម្លាំងនគរបាលខណ្ឌទួលគោកចំនួន ៤៩នាក់ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ២១នាក់។

យោងតាមរបាយការណ៍នគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ៖ លទ្ធផលនៃកិច្ចសហប្រតិបត្តិការមានយានយន្តឆ្លងកាត់សរុបចំនួន ៨៩គ្រឿង ក្នុងនោះម៉ូតូ ៦៣គ្រឿង រថយន្តចំនួន ២៦គ្រឿង រកឃើញយានយន្តល្មើសចំនួន ១៧គ្រឿង រថយន្តមានចំនួន ០៨គ្រឿង និងម៉ូតូចំនួន ០៩គ្រឿង។ ជាតិអាល់កុលកម្រឹតពី០.២៥ mg/L ដល់ ០.៣៩mg/L មានចំនួន ០៧នាក់ អ្នកបើកបររថយន្តចំនួន ០២នាក់ និងម៉ូតូចំនួន ០៥នាក់ និងជាតិអាល់កុលចាប់ ពី០.៤០mg/L ឡើងមានចំនួន ១០នាក់ អ្នកបើកបររថយន្តចំនួន ០៦នាក់ និងម៉ូតូចំនួន ០៤នាក់។

របាយការណ៍ដដែលបានបញ្ជាក់ឲ្យដឹងថា ៖ យានយន្តចំនួន ១០គ្រឿង ត្រូវបានផាកពិន័យនៅហ្នឹងគោលដៅ។ ក្នុងនោះ រថយន្ត ០៤គ្រឿង និងម៉ូតូចំនួន ០៦គ្រឿង ក្រៅពីនោះរថយន្តចំនួន ០៧គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីតម្រូវឲ្យម្ចាស់យានយន្តទាំងនោះចូលខ្លួនដោះស្រាយតាមច្បាប់។ ជាមួយគ្នានេះ សមត្ថកិច្ចនគរបាលខណ្ឌទួលគោកក៏បានណែនាំដល់អ្នកបើកបរចំនួន ១៨នាក់ ក្នុងនោះមានអ្នកបើកបររថយន្ត ៥នាក់ និងអ្នកបើកបរម៉ូតូចំនួន១៣នាក់។ 

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការខណ្ឌទួលគោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ចដែលចុះអនុវត្តច្បាប់នៅតាមគោលដៅ ប្រយោជន៍ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕