ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១០ និង៣០នាទីយប់ នៅចំណុចក្នុងផ្សារបឹងឈូក ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យ កើតឡើងចំនួន ០១លើក បណ្តាលឲ្យឆាបឆេះដំបូងនៅជាន់ទី១ ផ្សារបឹងឈូក ប្លុកតូបលក់ក្រណាត់ លក់ប៉ាក់ឌិន និងជាងដេរ ។
ក្នុងហេតុការណ៍នេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងរបស់យោធភូមិភាគទី៥ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបង សរុបរួមចំនួន ៧៩១នាក់ ។ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១១គ្រឿង ស្នងការនគរបាលខេត្តចំនួន ០៤គ្រឿង, អធិការដ្ឋាននគរបាលក្រុង-ស្រុក ចំនួន ០៧គ្រឿង និងរថយន្តអគ្គិភ័យក្រុមហ៊ុនឯកជន ចំនួន ០២គ្រឿង សរុប ១៣គ្រឿង ព្រមទាំងប្រើប្រាស់ទឹកអស់ចំនួន ៥០រថយន្តអគ្គិភ័យ ទើប គ្រប់គ្រង ស្ថានការណ៍ អគ្គិ ភ័យ នេះ បាន ទាំងស្រុង នៅវេលាម៉ោង៣:២០នាទី នាថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្តករណីអគ្គិភ័យនេះ និងចាត់កម្លាំងសមត្ថកិច្ច យាមប្រចាំការរហូត និងរងចាំក្រុមការងាររដ្ឋបាលខេត្តចុះពិនិត្យវាយតម្លៃការខូចខាត៕