រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណ:ប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ឯកឧត្តម ជា ចាន់តូ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ៨ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដោយរោគាពាធ នៅគេហដ្ឋាននៃសព លេខ១៣៥ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
នៅក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា សូមសម្តែងនូវក្តីសោកស្តាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងចំពោះការបាត់បង់រូប ឯកឧត្តម ជា ចាន់តូ ដែលជាស្វាមី បង បងថ្លៃ ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ជាកុលបុត្រខ្មែរ និងជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មសព្វបែបយ៉ាង តស៊ូយ៉ាងសកម្មប្រកបដោយស្វាមីភក្តិក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ អស់រយៈពេលជា ច្រើនទសវត្សរហូតអវសាននៃជីវិត។ ទោះបីរូបកាយបានឃ្លាតចាកពីលោកយើងទៅមែនពិត ប៉ុន្តែ ឯកឧត្តម បានកសាងនូវស្នាដៃជាច្រើនរាប់មិនអស់សម្រាប់ប្រទេសជាតិ ដោយបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី រួមទាំងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកកសាងសមិទ្ធផលទាំងក្នុងវិស័យពុទ្ធចក្រ អាណាចក្រ បន្សល់ ទុកនូវកេរ្តិ៍ឈ្មោះ កិត្តិយសដ៏ឧត្តុង្គឧត្តម ដក់ជាប់ក្នុងដួងចិត្តរបស់យើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបានឡើយ ។
ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាម ឯកឧត្តមផ្ទាល់ សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិសដល់ គុណបុណ្យព្រះរតនត្រ័យជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ជា ចាន់តូ សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការនគរបាលជាតិ បាននាំយកបច្ច័យរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន ២លានរៀល និងសាររំលែកទុក្ខ ប្រគល់ជូនក្រុមគ្រួសារសព និងបានចុះហត្ថលេខាលើសៀវភៅក្រាំងមាសទុកជាកិច្ចចុងក្រោយ នៃពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ ៕