រាជធានីភំ្នពេញ ៖ នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើមាតុភូមិនិវត្តមកប្រទេសកម្ពុជាវិញ ប្រកបភាពដោយភាពជោគជ័យ បន្ទាប់ពីគណៈប្រតិភូបានអញ្ជើញទៅចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៤២ (42th ASEANAPOL CONFERENCE) នៅប្រទេសមីយ៉ាន់ម៉ា ។
សន្និសីទអាស៊ានណាប៉ូល លើកទី៤២ (42th ASEANAPOL CONFERENCE) នៅទីក្រុងណៃពីដោ សាធារណរដ្ឋ នៃសហភាពមីយ៉ាន់ម៉ា មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូនគរបាលជាតិកម្ពុជា បានចូលរួម ៖ -កិច្ចប្រជុំគណៈកម្មការប្រតិបត្តិលើកទី១៣ , -កិច្ចប្រជុំពេញអង្គលើកទី១
, -វេទិការពិភាក្សាប្រធានគណៈប្រតិភូនៃប្រទេសជាសមាជិក, -វេទិការពិភាក្សារបស់ប្រធានគណៈប្រតិភូប្រទេសជា សមាជិកជាមួយដៃគូពិភាក្សានិងអ្នកសង្កេតការណ៍ និងកិច្ចប្រជុំគណៈកម្មការជំនាញ A B C , -កិច្ចប្រជុំពេញអង្គលើកទី២ ដែលប្រតិភូនៃបណ្តាប្រទេសជាសមាជិកទាំងអស់បានពិភាក្សាចូលរួមផ្តល់យោបល់ជូនគ្នាទៅវិញទៅមកនិងសម្រេចបាននូវលទ្ធផលមួយចំនួន ពាក់ព័ន្ធដល់ការបន្តពង្រឹងពង្រីក និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមកងកម្លាំងនគរបាលជាតិអាស៊ាន និងដៃគូពិភាក្សា អ្នកសង្កេតការណ៍ និងដៃគូសហប្រតិបត្តិការអន្តរជាតិទាំងអស់សម្រាប់ជាទិសដៅក្នុងការអនុវត្តបន្តនៅឆ្នាំ២០២៥៕