បន្ទាយមានជ័យ៖ នៅថ្ងទី២៥ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ “ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព “ ឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារត្រួតពិនិត្យការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព ជូនដល់សមត្ថកិច្ច មន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុកទាំង៩ ប្រារព្ធឡើងសាល ក សាលាខេត្តបន្ទាយមានជ័យ ។
មានមាតិស្វាគមន៍ឯកឧត្ដម អ៊ុំ រាត្រី បានប្រសាសន៍ថា ការអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ក្នុងរយៈពេលជាង១០ឆ្នាំ កន្លងមកនេះ បានផ្តល់នូវមេរៀនពិសោធន៍ និងទទួលបាននូវផែនការណែនាំ កែលម្អជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន ពោលគឺចាប់ពីខែមករា ឆ្នាំ២០២១មក រាជរដ្ឋាភិបាល បាន សម្រេចកែលម្អលក្ខណៈសម្បត្តិ នៃគោលនយោបាយ ឋ”ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព”ព្រមទាំងលើកកម្រិតគោលនយោបាយនេះជារបស់រាជរដ្ឋាភិបាល ដែលមានគោលបំណង បន្តកសាងនិងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដែល បណ្តាល មកពីគ្រោះមហន្តរាយនិងជំងឺរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ។
ថ្លែងនាឱកាសនោះឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារត្រួតពិនិត្យការអនុវត្ត គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ក៏បានធ្វេីការផ្សព្វផ្សាយគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”លក្ខណសម្បត្តិរបស់ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, ២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, ៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធ តុលាការប្រកបដោយគុណភាព នឹងប្រសិទ្ធភាព, ៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ, ៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕